-
ធនាគារជាតិអាចនឹងលែងឲ្យចាយលុយ១-២និង៥ដុល្លារដើម្បីកុំឱ្យប្រាក់រៀលបន្តចុះថោកទៀត
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។ តាមរយៈកិច្ចប្រជុំនេះ ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថា ការអនុវត្តវិធានការមួយចំនួនដូចក្នុងសេចក្តីប្រកាសព័ត៌មាន មិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ។ ធនាគារជាតិបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន នៅពេលចរាចរណ៍ក្រដាស់ប្រាក់ដុល្លារអាមេរិកប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ តាមទិដ្ឋភាពគោលនយោបាយ និងលើទិដ្ឋភាពបច្ចេកទេស។ បើតាមធនាគារជាតិ បច្ចុប្បន្ននេះ គ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាស់ប្រាក់ទាំងនេះមានកម្រិតទាបនៅក្នុងទីផ្សារ។ ធនាគារជាតិនឹងផ្តល់ពេលវេលា៣ខែ ចាប់ពីខែមិថុនា ដល់ខែសីហា ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាស់ប្រាក់ដុល្លារអាមេរិកប្រភេទតូចៗខាង លើ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។ ធនាគារជាតិនៃកម្ពុជានឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាស់ប្រាក់ដុល្លារអាមេរិប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕
-
អភិបាលខេត្តស្ទឹងត្រែង បានចុះចែកគ្រាប់ពូជ និងជីថែទាំដំណាំកសិកម្ម ដល់ប្រជាកសិករជិត ៣០០គ្រួសារ នៅក្នុងស្រុកមួយដែលធ្លាប់រងគ្រោះ ដោយជំនន់ទឹកទន្លេមេគង្គ នៅក្នុងរដូវវស្សានាពេលកន្លងមក
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋជិត ៣០០គ្រួសារ ដែលធ្លាប់រងគ្រោះ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំកន្លងទៅ ខណៈនេះទទួលបានការយកចិត្តទុកដាក់ ដោយទទួលបានគ្រាប់ពូជ និងជីកសិកម្ម ពីអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន តាមរយះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី២៧ឧសភាឆ្នាំ២០២០ នៅក្នុងឃុំចំនួន៣ នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ យោងរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបង្ហាញថា ពូជដំណាំកសិកម្ម ដែលបាននាំយកមកផ្តល់ជូន ប្រជាកសិករមកពីឃុំចំនួន ៣ គឺឃុំអូរឬស្សីកណ្តាល ឃុំអូរម្រះ និងឃុំស្រែក្រសាំង ស្ថិតក្នុងស្រុកសៀមបូក ដែលជាសមាជិកបណ្តុំអាជីវកម្ម មានចំនួន ២២៧គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានពូជកូនស្វាយចន្ទី ៧០ដើម, ជីកសិកម្ម ៥គីឡូក្រាម, ពូជក្រូចពោធិ៍សាត់ ១០ដើម ពូជដំឡូងមី ១២បាច់ និងថ្នាំបាញ់ស្មៅ ៤ដប ថែមទៀតផង។ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ពិធីចែកពូជសា្វយចន្ទី ដំឡូងមី…
-
ឯកឧត្តម គង់ សោភ័ណ្ឌ បង្ហាញអំពីសមិទ្ធផល និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកណ្ដាល ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវអ្វីដែលជាសមិទ្ធផល និងទិសដៅការងាររបស់រដ្ឋបាលខេត្ត ដែលក្រោមការដឹកនាំរបស់លោក។ អភិបាលខេត្តកណ្ដាលរូបនេះ បានអះអាងថា GDP របស់ខេត្តនាឆ្នាំ២០១៨ មានប្រមាណ៩,៤៩៤,៧៩៥ លានរៀល គិតជាដុល្លារប្រហែល ២,៣៤៤លានដុល្លារ។ GDP ក្នុងមនុស្សម្នាក់ មាន១,៨៦០ដុល្លារ កើនឡើង៧.៧០% ធៀបនឹងឆ្នាំ២០១៧។ ក្នុងនោះ អត្រាភាពក្រីក្រថយចុះមកត្រឹម ៥.៣៣% នាឆ្នាំ២០១៨ ដែលស្របទៅនឹងគោលដៅកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលឲ្យស្ថិតនៅក្នុងអត្រាទាបជាង ១០%។ កំណើនសេដ្ឋកិច្ច ទទួលបានពីវិស័យកសិកម្មមាន ៣៨,៧% ឧស្សាហកម្ម ៣៤.២% សេវាកម្ម ២៧.១%។ *វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសិកម្ម ជាវិស័យស្នូលបានចូលរួមក្នុងសេដ្ឋកិច្ចខេត្តកណ្តាល ច្រើនជាងគេគឺ ៣៨.៧% ក្នុងនោះ ឆ្នាំ២០១៩…
-
កុមារគឺ ជាជនរងគ្រោះខ្លាំងជាងគេ ក្នុងកំឡុងការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩
កណ្ដាល៖ លោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តកណ្ដាល បានលើកឡើងថា ក្នុងចំណោងប្រជាពលរដ្ឋដែលបានរងគ្រោះដោយការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩ កន្លងមក កុមារគឺទទួលរងគ្រោះខ្លាំងជាងគេ។ លោកស្រី លើកឡើងបែបនេះក្នុងជំនួបជាមួយគណៈប្រតិភូ ដឹកនាំដោយឯកឧត្ដម Masahiro Mikami អគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ គ្រីស្ទាន មុនឌួតតេ នាយិកាអង្គការ យូនីសេហ្វ(Unicef) និងមានការអញ្ជើញចូលរួមលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការនានាផងដែរ។ លោកស្រី នួន នារតី បន្តថា ក្នុងរយៈពេលនៃការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩កន្លងមក បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចគ្រួសាររបស់ជាពលរដ្ឋក្នុងខេត្តកណ្ដាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ហើយអ្វីដែលសំខាន់នោះគឺ វាបានប៉ះពាល់យ៉ាធ្ងន់ធ្ងរ ទៅលើកុមារតូចៗ ដែលត្រូវការចាំចាប់ ក្នុងការជួយមើលថែ និងបង្រៀនអំពីវិធីនៃការសំអាតអនាម័យខ្លួនប្រាណ និងការការពារការឆ្លងរីរាលដាល នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ លោកស្រី នួន នារតី បន្ថែមថា…
-
អង្គការ WHO ប្រកាសបង្កើតមូលនិធិផ្ដល់ជំនួយឯករាជ្យ សំដៅដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពពិភពលោក
ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធនេះ បានប្រកាសបង្កើតមូលនិធិអង្គការសុខភាពពិភពលោក (WHO Foundation) ដែលជាស្ថាប័នផ្តល់ជំនួយឯករាជ្យមួយ ដែលនឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពពិភពលោក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយែសឹស បាននិយាយថា គំនិតបង្កើតមូលនិធិអង្គការសុខភាពពិភពលោកខាងលើនេះ គឺដើម្បីជួយភ្នាក់ងារខ្លួនដែលបានលេចឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០១៨មក ហើយថ្ងៃនេះ យើងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្នុងការដាក់ដំណើរការផ្លូវការ ។ ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា មូលនិធិនេះនឹងគាំទ្រដល់តម្រូវការសុខភាពសាធារណៈសកល ដោយផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក និង ដៃគូអនុវត្តន៍ ដែលបានបំបែកខ្លួនចេញពីអង្គការ WHO ៕
-
អ្នកជំនាញផ្នែកសុខាភិបាលកំពូលអាម៉េរិកព្រមានពីរលកទី២ នៃការឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិក និងថា មិនមែនជៀសមិនរួចទេ
សហរដ្ឋអាម៉េរិក៖ រលកទី២នៃការឆ្លងរាតត្បាត COVID-19 នៅសហរដ្ឋអាម៉េរិកអាចនឹងកើតមានឡើង ប៉ុន្តែមិនមែនជៀសមិនរួចនោះទេ នេះបើតាមការព្រមានរបស់ទីប្រឹក្សាផ្នែកសុខភាពសេតវិមានលោក អាន់តូនី ហ្វូស៊ី និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកអាចជៀសផុតពីរលកថ្មីនៃការចម្លងជម្ងឺ COVID-19 ដរាបណាបណ្តារដ្ឋនានាបើកដំណើរការឡើងវិញបានត្រឹមត្រូវ នេះបើតាមលោក ហ្វូស៊ី ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ។ កន្លងមក លោក អាន់តូនី ហ្វូស៊ី ក៏ធ្លាប់បានព្រមានដែរថា ប្រជាពលរដ្ឋអាម៉េរិកត្រូវតែប្រុងប្រៀបខ្លួនចំពោះអ្វីដែលអាចទៅរួច ទាក់ទិននឹងរលកទី២នៃការចម្លងជម្ងឺ COVID-19 ដែលអាចនឹងផ្ទុះឡើងនារដូវរងាខាងមុខនេះ ។ សូមជម្រាបថា សហរដ្ឋអាម៉េរិកនៅតែស្ថិតនៅលំដាប់ទី១ ជាប្រទេសមានអត្រាឆ្លងជម្ងឺ និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសមហាអំណាចមួយនេះមានអ្នកឆ្លងសរុបកើនឡើងដល់១លាន៧៤ម៉ឺន៥ពាន់៨០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន២ពាន់១០៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន១៣០នាក់ ៕
-
រុស្ស៊ីសម្រេចផ្អាកប្រារព្ធកិច្ចប្រជុំកំពូល SCO និង BRICS ចំពេលមានការរាតត្បាតខ្លាំងពីជម្ងឺ COVID-19
រុស្ស៊ី៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃពុធនេះថា រុស្ស៊ីបានប្រកាសពន្យារពេលប្រារព្ធកិច្ចប្រជុំកំពូលអង្គការប្រតិបត្តិការសៀងហៃ SCO និងកិច្ចប្រជុំកំពូល BRICS ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង សេនភីធើស៍ប៊ឺក ក្នុងខែកក្កដាខាងមុខ ដោយសារតែការរាតត្បាតខ្លាំងនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីន ហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ អង្គការប្រតិបត្តិការសៀងហៃ (SCO) ជាវេទិកាថ្នាក់តំបន់មួយ ដែលមានប្រទេសជាសមាជិកដូចជា ចិន អាហ្សាក់ស្ថាន កៀរហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាជីគីស្ថាន និងអ៊ូបេគីស្ថាន មានទិសដៅរួមគឺការចងសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ។ ដោយឡែក BRICS វិញ គឺជាសមាគមសេដ្ឋកិច្ចដែលមានប្រទេសធំៗដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក ។ បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ពេលវេលាថ្មីនឹងត្រូវបញ្ជាក់ ដោយមើលលើភាពជាក់ស្តែង នៃស្ថានភាពវីរុសរាតត្បាតជាសកលមួយនេះ នៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាបណ្តាប្រទេសជាសមាជិកនៃកិច្ចប្រជុំកំពូលទាំងពីរខាងលើនេះ ៕
-
កូរ៉េខាងត្បូងរាយការណ៍ពីអត្រាឆ្លង COVID-19 ដ៏ខ្ពស់បំផុតលើកដំបូងចាប់តាំងពីដើមខែមេសាមក ក្រោយរកឃើញអ្នកឆ្លង៧៩ករណីថ្មីទៀត
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 រហូតដល់៧៩នាក់នៅរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់ថ្មីមួយទៀត បើគិតចាប់តាំងពីថ្ងៃទី០៥ ខែមេសាមកនេះ ធ្វើឱ្យប្រទេសអាស៊ីបូព៌ាមួយនេះប្រឈមមុខនឹងរលកទី២នៃការឆ្លងវីរុស នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នអាជ្ញាធរកូរ៉េខាងត្បូងកំពុងតាមដានបន្តទៀត ចំពោះការផ្ទុះករណីឆ្លងជាចង្កោមនៅក្នុងឃ្លាំងស្តុកទំនិញមួយ ស្ថិតនៅតំបន់ ប៊ូឈន់ ភាគខាងលិចរដ្ឋធានីសេអ៊ូល ដែលជាប្រភពដើមនៃការផ្ទុះករណីថ្មីៗពីរថ្ងៃមកនេះ ខណៈមនុស្សរហូតដល់ទៅជាង៣.៦០០នាក់ត្រូវបានណែនាំឲ្យទៅធ្វើតេស្ត ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន១ពាន់៣៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៩នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៣៤០នាក់ ៕
-
សហរដ្ឋអាម៉េរិកដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុង ហើយចោទចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃពុធនេះបានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុងនៅក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោលវិញនូវសិទ្ធិពិសេស សម្រាប់ធ្វើពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក្រោយសហរដ្ឋអាម៉េរិកចោទប្រកាន់ចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នសហរដ្ឋអាម៉េរិកបានផ្តល់ឲ្យទីក្រុងហុងកុង នូវឋានៈពិសេសជាជាមជ្ឈ មណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មសកល ក្រោមច្បាប់របស់សហរដ្ឋអាម៉េរិកផ្ទាល់ តាំងពីដែនដីនេះស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស ។ ប៉ុន្តែកាលពីឆ្នាំមុន ឋានៈពិសេសនេះ ត្រូវបានសហរដ្ឋអាម៉េរិកកំណត់លក្ខខណ្ឌថែមពីលើ គឺទាល់តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទីក្រុងហុងកុងនៅតែរក្សាស្វ័យ ភាពក្នុងកម្រិតខ្ពស់គ្រប់គ្រាន់ពីប្រទេសចិន ទើបអាចបន្តទទួលបានសិទ្ធិពិសេសមួយនេះពីសហរដ្ឋអាម៉េរិក ។ សូមជម្រាបថា ការដកហូតឋានៈខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រមុខការទូតអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ បន្ទាប់ទីក្រុងប៉េកាំងបោះជំហានទៅរកការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តលើទីក្រុងហុងកុង ៕
-
ការស្ទង់មតិបង្ហាញថា ប្រជាជនប្រេស៊ីល៦០% គាំទ្រឲ្យមានវិធាការរឹតត្បិតខ្លាំងជាងមុន ដើម្បីទប់ទល់ COVID-19 ខណៈអ្នកស្លាប់កើនជាង២៥ម៉ឺននាក់
ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលភាគច្រើនគាំទ្រឲ្យមានការរឹតបន្តឹងវិធានការដូចជា ការរក្សាគម្លាតពីគ្នាក្នុងសង្គមខ្លាំងជាងមុន ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺ COVID-19 ខណៈប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោក នេះបើតាមលទ្ធផលពីការស្ទង់មតិរបស់ក្រុមហ៊ុន ឌែលតាហ្វូលហា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ការស្ទង់មតិរបស់កាសែតមួយក្នុងទីក្រុង សៅ ប៉ូឡូ នេះរកឃើញថា ពលរដ្ឋប្រេស៊ីល៦០ភាគរយគាំទ្រវិធានការតឹងរឹងជាងមុន ដោយ៣៧ភាគរយប្រឆាំង ហើយ៣ភាគរយមិនមានជំហរច្បាស់លាស់ ។ ការស្ទង់មតិខាងលើនេះបង្ហាញថា សាធារណៈមតិផ្ទុយនឹងទស្សនៈរបស់ប្រធានា ធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណែរ៉ូ ដែលតែងបានវាយប្រហារលើវិធានការដាក់កំហិតឲ្យពលរដ្ឋនៅផ្ទះ និងបិទសកម្មភាពសេដ្ឋកិច្ច ដែលលោកថា វិធានការទាំងនេះប្រៀបបានដូចថ្នាំពុល ដែលសម្លាប់ពលរដ្ឋ តាមរយៈភាពអត់ការងារធ្វើនិងភាពអត់ឃ្លានច្រើនជាងចំនួនពលរដ្ឋដែលមេរោគសម្លាប់ទៀត ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសអាម៉េរិកឡាទីនមួយនេះ មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤១ម៉ឺន៤ពាន់៦៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៦៩៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៦ពាន់៦៤៧នាក់ ៕