បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីព្រលប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបគួរជាទីមោទន:។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

បណ្តុំអង្គការសង្គមស៊ីវិល សង្កេតឃើញថា ដំណើរការក៏ដូចជាការប្រកាសលទ្ធផល ពិតជាមានតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ប្រជាធិបតេយ្យពិតប្រាកដ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យ គឺបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប បានទៅបោះឆ្នោត ដោយទឹកមុខញញឹមពេញចិត្ត និងសប្បាយរីករាយទាំងអស់គ្នា។ យ៉ាងណាមិញ យើងខ្ញុំចូលរួមថ្កោលទោសដល់ក្រុមនិន្នាការប្រឆាំង ពិសេស អតីតមេបក្សប្រឆាំងទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលបានរត់ភៀសខ្លួននៅក្រៅប្រទេស ដែលបានញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើសកម្មភាពខុសច្បាស់ ពិសេសការគូសខ្វែងសន្លឹកឆ្នោត ផ្ទុយទៅវិញ អ្វីដែលក្រុមប្រឆាំង បានកំពុងតែធ្វើនោះគឺមិនត្រឹមមិនបានផលទេ ថែមទាំងធ្វើឲ្យសន្លឹកឆ្នោតមិនមានការថយចុះទៅវិញបើប្រៀបធៀបនឹងការបោះ ឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានសន្លឹកឆ្នោតមិនបានការចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិចជាងចំនួន សន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ៥៩៤ ៦៥៩សន្លឹក ទិន្នន័យនេះចេញដោយគណកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប។

ដើម្បីរក្សាបាននូវតម្លៃដ៏មហាសាលនេះ បណ្ដុំអង្គការសង្គមស៊ីវិលរួមទាំងបណ្តាញយុវជននានា សូមធ្វើការប្រកាសគាំទ្រចំពោះលទ្ធផលដែលគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតចេញប្រកាសលទ្ធផលណ្តោះអាសន្ន និងសូមចូលរួមអបអរសាទរ ក៏ដូចជាមានការពេញចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសលើការបោះឆ្នោតថ្នាក់ជាតិនេះ៕

ads banner