សម្តេចក្រឡាហោម ស ខេង៖ ដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ នេះបើយោងតាមលិខិតសរសើរផ្ញើជូនថ្នាក់ដឹកនាំ សមាជិក និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមាន សមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយអត្ថន័យនេះ បាននាំមកនូវមោទនភាព និងកិត្យានុភាពថ្មី ជូនជាតិមាតុភូមិយើង ជាពិសេសបានបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា នៅក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ជាតិរបស់ខ្លួន ដែលពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់។ លទ្ធផលដែលយើងសម្រេចបានយ៉ាងត្រចះត្រចង់នេះមិនត្រឹម តជាជោគជ័យថ្មីមួយទៀតក្នុងវិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះ បានរួមចំណែកយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងក្របខណ្ឌនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។

បរិយាកាសប្រកបដោយភាពអំណោយផល និងមានតម្លៃនេះ បានបង្កលក្ខណៈងាយស្រួលជូន ប្រជាពលរដ្ឋយើងគ្រប់និន្នាការនយោបាយ បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រមាណ ៨៤.៥៨% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ ប្រជាជនយើងគ្រប់ច្រកល្ហក បានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងឱកាសដែលប្រជាពលរដ្ឋយើងទូទាំងប្រទេសកំពុងអបអរសាទរ ចំពោះលទ្ធផលមិនទាន់ផ្លូវការ នៃការបោះឆ្នោតនេះ ខ្ញុំ ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនថ្នាក់ដឹកនាំ សមាជិក និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ ដើម្បីបន្តរួមចំណែកបង្កើតស្នាដៃ និង សមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិជាទីស្នេហារបស់យើង៕

ads banner