សមាគមថ្នាលយុវជនកម្ពុជាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ សមាគមថ្នាលយុវជនកម្ពុជា (ស.ថ.យ.ក) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតសម្រាប់ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានចេញសេចក្ដីប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបគួរជាទីមោទន:។

សមាគមថ្នាលយុវជនកម្ពុជា សង្កេតឃើញថា ដំណើរការ ក៏ដូចជាការប្រកាសលទ្ធផល ពិតជាមានតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ប្រជាធិបតេយ្យពិតប្រាកដ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យ គឺបងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប បានទៅបោះឆ្នោត ដោយទឹកមុខញញឹម ពេញចិត្តនិងសប្បាយរីករាយទាំងអស់គ្នា។

សមាគមថ្នាលយុវជនកម្ពុជា ក៏បានថ្កោលទោសដល់ក្រុមនិន្នាការប្រឆាំងពិសេស អតីតមេបក្សប្រឆាំងទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលបានរត់ភៀសខ្លួននៅក្រៅប្រទេស ដែលបានញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើសកម្មភាពខុសច្បាស់ ពិសេសការគូសខ្វែងសន្លឹកឆ្នោត ផ្ទុយទៅវិញ អ្វីដែលក្រុមប្រឆាំងបានកំពុងតែធ្វើនោះគឺមិនត្រឹមមិនបានផលទេ ថែមទាំងធ្វើឲ្យសន្លឹកឆ្នោតមិនមានការថយចុះទៅវិញបើប្រៀបធៀប នឹងការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានសន្លឹកឆ្នោតមិនបានការចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិច ជាងចំនួនសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូត ដល់ ៥៩៤ ៦៥៩សន្លឹក ទិន្នន័យនេះចេញដោយគណកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប។

ដើម្បីរក្សាបាននូវតម្លៃដ៏មហាសាលនេះ សមាគមថ្នាលយុវជនកម្ពុជា សូមធ្វើការប្រកាសគាំទ្រ ចំពោះលទ្ធផលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញប្រកាសលទ្ធផលណ្តោះអាសន្ននិង សូមចូលរួមអបអរសាទរ ក៏ដូចជាមានការពេញចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស លើការបោះឆ្នោតថ្នាក់ជាតិនេះ៕

ads banner