វេទិកាសន្តិភាពកម្ពុជាគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

វេទិកាសន្តិភាពកម្ពុជា បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងសូមចូលរួមអបអរសាទរនូវជ័យជម្នះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ជ័យជម្នះនៃការនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតប្រកួតប្រជែងជាមួយនឹងគណបក្សចំនួន១៧ទៀត ក្នុងនីតិកាលទី៧នេះ បានបង្ហាញថាប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ពេញទំហឹង ហើយពួកគាត់បានបោះឆ្នោតដើម្បីសន្តិភាព និងរងចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាព នៃ សម្តេចតេជោ ហ៊ុន សែន អគ្គ មគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា។

វេទិកាសន្តិភាពកម្ពុជា បានសង្កេតឃើញអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស លិខិតបទដ្ឋានគតិយុត្តនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពិសេស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលមានគណបក្សនយោបាយជាច្រើន បង្ហាញជំហរជឿជាក់លើ គ.ជ.ប បានចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីប្រកួតប្រជែងយ៉ាងរលូន ដែលមានគ្រប់ភាគីពាក់ព័ន្ធចូលរួមតាមដាន សង្កេតមើលការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នក សង្កេតការណ៍មកពីគណបក្សនយោបាយ ហើយបរិយាកាសនៃការបោះឆ្នោត គឺប្រព្រឹត្តទៅដោយ សន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ មិនមានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើងនោះឡើយ។

ជារួម វេទិកាសន្តិភាពកម្ពុជា យល់ឃើញថា ទិន្នន័យជាបឋមរបស់ គ.ជ.ប ចំនួនប្រជាពលរដ្ឋដែលបានចេញ ទៅបោះឆ្នោតមានរហូតដល់ទៅ ៨,២១៣,២៦០នាក់ ស្មើនឹង ៨៤.៥៨% ដែលលើសពីអត្រាអ្នកចូលរួមបោះឆ្នោត ថ្នាក់ជាតិ ចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣ ហើយបានឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោត និងបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើក នៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាចាប់ពី ឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០២៣ ចំណុចទាំងនេះ គឺជាភស្តុតាងយ៉ាងរឹងមាំដែលអាចបញ្ជាក់ថា ប្រជាពលរដ្ឋពិតជាបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការបោះឆ្នោត ដែលសន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋ អាចផ្តល់មកវិញនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕

ads banner