អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិនអបអរសាទរកម្ពុជាចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព

ភ្នំពេញ៖ ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ជាង៨៤%។

ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញតាមរយៈជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដ៏ល្អប្រសើរ។ ការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះ បានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។ ការចូលរួមបោះឆ្នោតក្នុងចំនួនច្រើនលើសលប់នេះបានគូសបញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំ ដែលខ្លួនជឿថាអាចដឹកនាំប្រទេសជាតិបានល្អបំផុតឈរលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម-សេដ្ឋកិច្ច៕
ដោយ៖ពលជ័យ

ads banner