អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រសួងការបរទេសអាមេរិកដែលថា ការបោះឆ្នោតជាតិនៅកម្ពុជាគ្មានភាពសេរី និងយុត្តិធម៌

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបំការបោះឆ្នោត (គ.ជ.ប) បាន​ប្រតិកម្មតបទៅនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង​នៅក្រៅប្រទេសមួយចំនួនតូចរួមទាំងប្រទេសមួយចំនួនដែលថា ការបោះឆ្នោតនៅកម្ពុជា គឺជាការបោះឆ្នោតក្លែងក្លាយ គ្មានភាពសេរី និង​យុត្តិធម៌។

អ្នកនាំពាក្យបានបញ្ជាក់ថា អ្នកដែលចោទថា ជាការបោះឆ្នោតក្លែងក្លាយគឹអ្នកទាំងនោះប្រហែលជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ឬក៏​មានបំណងដាក់ទណ្ឌកម្ម ឬក៏ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការឆ្លើយតបរបស់អ្នកនាំពាក្យគ.ជ.ប បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា តបទៅនឹងសេចក្តីថ្លៃងការណ៍របស់ក្រសួងការបរទេស​សហរដ្ឋអាមេរិក ដែលចោទប្រកាន់ថា ការបោះឆ្នោតជាតិនៅកម្ពុជានៅថ្ងទី២៣ខែកក្កដា គ្មានភាពសេរី និងយុត្តិធម៌។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា ការលើកឡើងទាំងឡាយណាដែលផ្ទុយនឹងការអនុវត្ត និងការប្រព្រឹត្ត​ទៅនៃការបោះឆ្នោតនៅកម្ពុជានោះអាចចេញពីអ្នកប្រជាធិបតេយ្យក្លែងក្លាយ។ ហេតុអ្វីបានជាប្រើពាក្យថា អ្នកប្រជាធិបតេយ្យក្លែងក្លាយ ត្រង់ដែរថា បើយើងប្រើពាក្យថាប្រជាធិបតេយ្យ គឺត្រូវផ្សាភ្ជាប់ជាមួយនឹងនីតិរដ្ឋ។ច្បាប់បង្កើត គ.ជ.ប ច្បាប់តម្រូវឱ្យ គ.ជ.ប អនុវត្តទៅ​តាមច្បាប់។ ដំណាក់កាលទាំងបួន ដែលគ.ជ.ប តែងតែលើកបង្ហាញ គឺបង្ហាញអំពីការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋមាន​ឈ្មោះក្នុងបញ្ជី​ជាង៩,៧លាននាក់, ប្រជាពលរដ្ឋ ៨៤,៥៨ភាគរយ បានចេញទៅបោះឆ្នោត ដំណើរការបោះឆ្នោតមានការឃ្លាំមើលពីអ្នក​សង្កេតការណ៍​ជាតិ និងអន្តរជាតិ និងមានការវាយតម្លៃថា ជាការបោះឆ្នោតដែលល្អត្រឹមត្រូវទទួលយកបាន គណបក្សនយោបាយចំនួន១៨ បានចូល​ក្នុងទីលានប្រកួតប្រជែង ហើយនេះ គឺជាការបោះឆ្នោតពិតប្រាកដ មិនមែនជាការបោះឆ្នោតក្លែងក្លាយ។ អ្នកដែលចោទថា ជាការបោះឆ្នោត​ក្លែងក្លាយ គឺអ្នកនោះប្រហែលជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ឬក៏មានបំណងដាក់ទណ្ឌកម្ម ឬក៏ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប នឹងបន្តតួនាទីរបស់ខ្លួនទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ទទួលខុសត្រូវក្នុងការបម្រើសេវាកម្ម​បោះឆ្នោតជូនប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា ស្ថាប័នអន្តរជាតិប្រមាណ៤០ ដែលបានប្រកាសគាំទ្រ និងកោតស្ងប់ស្ញែងអំពីដំណើរការរៀបចំបោះឆ្នោតនៅកម្ពុជា ក៏ដូចជាសង្ឃឹមនៅវត្តភាព នៃប្រជាពលរដ្ឋកម្ពុជា។ ហើយប្រតិភូដែលអញ្ជើញមកពីអាស៊ាន ក៏បានប្រកាសគាំទ្រអំពី ដំណើរការបោះឆ្នោតនៅកម្ពុជាមានដូចជា ៖ ហ្វីលីពីន ភូមា ថៃ ទីម័រខាងកើត ជាដើម។ ហើយសហភាពអឺរ៉ុប គឺមានប្រទេសរុស្ស៊ី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំចាត់ចែងការបោះឆ្នោតននៅកម្ពុជា។

សូមជម្រាបថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនបានចេញសេចក្តីថ្លែងការណ៍ប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ គឺបានប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត​មានចំនួន ៨.២១៤.២២៨ ស្មើនឹង ៨៤,៥៩ភាគរយ៕
ដោយ៖ពលជ័យ

ads banner