លោកបណ្ឌិត សេក សុជាតិ ៖ ការមិនបន្តមុខតំណែងនាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការលះបង់តួនាទីដ៏សំខាន់និងផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយបានធ្វើជាអ្នកដឹកនាំប្រទេស

ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវបានថ្លែងទាក់ទងនឹងការប្រកាស របស់សម្ដេចតេជោ ហ៊ុន សែន ដែលថា យោងទៅលើការសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាហើយ យោងទៅលើសម្តេចតេជោបានចូលទៅគាល់ព្រះមហាក្សត្រ សម្ដេចនឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីអត់ទៅទៀតនោះទេ នេះគឺជាសញ្ញាវិជ្ជមានមួយអំពីការលះបង់តួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គសំខាន់នៅក្នុងនយោបាយកម្ពុជា។

លោកបណ្ឌិត សេក សុជាតិ(រូបថតឯកសារ)

លោកបណ្ឌិតបន្តថាការលះបង់នេះគឺជាការលះបង់មួយដើម្បីផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយបានធ្វើការក្នុងនាមជាអ្នកដឹកនាំប្រទេសដោយប្រើប្រាស់សមត្ថភាពរបស់អ្នកជំនាន់ក្រោយ។ការផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយនេះគឺជាលទ្ធភាពដែល ប្រជាពលរដ្ឋបានគាំទ្រ និងបោះឆ្នោតទៅដល់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈដល់ទៅ ១២០អាសនៈនៅក្នុងសភាសម្រាប់នីតិកាលទី៧ នេះ។ នៅក្នុងអាសនៈដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបានពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកបណ្ឌិត សេក សុជាតិ បានបន្តថា សម្តេចតេជោ ហ៊ុន សែន លះបង់តួនាទីជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ដោយផ្តល់លទ្ធភាពទៅឱ្យបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលតួនាទីជា នាយករដ្ឋមន្ត្រី ជំនួសសម្តេចតេជោ ហ៊ុន សែន សម្រាប់នីតិកាលទី៧គឺជាសញ្ញាវិជ្ជមានមួយដោយផ្តល់លទ្ធភាពទៅឱ្យអ្នក បន្តវេនបានធ្វើកិច្ចការសំខាន់សម្រាប់ប្រទេសជាតិរបស់យើងនាពេលបច្ចុប្បន្ន៕ដោយ៖ពលជ័យ

ads banner