សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា សូមតំណាងឱ្យគ្រប់សមាគមក្នុងសម្ព័ន្ធ និងបងប្អូនខ្មែរខ្សែស្រឡាយចិនទូទាំងប្រទេសសូមអបអរសាទរគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧នៃរដ្ឋសភា។ ជាពិសេស សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពអោយកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្ដបន្តទៀត។ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជាពិសេស បងប្អូនខ្មែរខ្សែស្រឡាយចិនទូទាំងប្រទេស នឹងបន្តខិតខំប្រឹងប្រែងតាមរយៈការទាក់ទាញការវិនិយោគទុនពីបរទេសចូលរួមកិច្ចការគ្រប់វិស័យដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង។

ជាចុងក្រោយ សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ads banner