គ.ជ.ប ធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ

ភ្នំពេញ៖ បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ គ.ជ.ប បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដោយមានការចូលរូមពីអ្នកសង្កេតការណ៍ និងតំណាងគណបក្សនយោបាយផងដែរ។

គ.ជ.ប បានទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣ គ.ជ.ប បានទទួលសម្ភារឯកសារ ជាពិសេសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត។ ការទទួលនេះក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីភាពភាពត្រឹមត្រូវនៃលទ្ធផលនៃការបោះឆ្នោត តាមមណ្ឌលបោះឆ្នោតរាជធានីខេត្ត។ តាមច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្រ្ត គឺ គ.ជ.ប ជាស្ថាប័នត្រូវពិនិត្យមើលចុងក្រោយ ហើយធ្វើការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវ មុននឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ឯកឧត្តម សោម សូរីដា បានបន្តថា កញ្ចប់នីមួយៗគឺបង្ហាញទៅលើទម្រង់អំពីលទ្ធផលនៃការបោះឆ្នោត ដែលនៅក្នុងនោះមានទម្រង់បែបបទ 1110 , 1111 , និង 1114 ដែលបង្ហាញអំពីសន្លឹកឆ្នោតដែលទទួលបានសរុប សន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតមិនបានការ និងសន្លឹកឆ្នោតបានការគឺកំណត់នៅក្នុងទម្រង់បែបបទដូចដែលលោកបានបញ្ជាក់ខាងលើនេះ។ ប៉ុន្តែនៅករណីមានបណ្ដឹងទាក់ទងទៅនឹងលទ្ធផលនៃការបោះឆ្នោត ហើយនៅពេលដែលគជបពិនិត្យឃើញថា ការប្ដឹងតវ៉ាមានភស្តុតាងគ្រប់គ្រាន់ គឺដំណើរការនៃការត្រួតពិនិត្យកញ្ចប់សុវត្ថិភាព និងអនុវត្តទៅលើកញ្ចប់សុវត្ថិភាព “ឃ” ដែលផ្ញើមកពីគណៈកម្មការការិយាល័យបោះឆ្នោត។ ប៉ុន្តែមកដល់ពេលនេះ សូមបញ្ជាក់ថា នៅការិយាល័យបោះឆ្នោតទៃថ ២៣៧៨៩ អត់មានបណ្តឹងនៅថ្ងៃបោះឆ្នោត (២៣ កក្កដា) ឬគិតត្រឹមម៉ោង១១:៣០នាទី នៅថ្ងៃបន្ទាប់ពីការបោះឆ្នោត។ ហើយកាលណាអត់មានបណ្ដឹងនៅការិយាល័យបោះឆ្នោត មានន័យថារហូតមកដល់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត គឺអត់មានបណ្ដឹងនោះទេ។ នៅពេលដែលអត់មានបណ្ដឹង គឺ គ.ជ.ប ក៏មិនអាចទទួលបានបណ្ដឹងដែរ។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ការបោះឆ្នោតគឺត្រូវធ្វើដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ពិសេសតម្លាភាពនៅក្នុងដំណើរការ ហើយកិច្ចការទាំងអស់នេះគឺត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ គ.ជ.ប រៀបចំការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនេះ គឺធ្វើនៅចំពោះមុខអ្នកសង្កេតការបោះឆ្នោត។ ចំពោះមុខតំណាងគណបក្សនយោបាយនិងភាគីពាក់ព័ន្ធផ្សេងទៀត។ ដើម្បីឱ្យមើលឃើញទាំងអស់គ្នាអំពីភាពត្រឹមត្រូ និងដំណើរការអនុវត្តទូទៅរបស់គជបដែលបានកំណត់នៅក្នុងបទបញ្ជា និងនីតិវិធី៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner