សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អរគុណ ព្រះសង្ឃ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់

(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធ វង្សា សៅទី ហេង សំរិន ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ និងចៅៗ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បាននាំយកទៀនចំណាំព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមាចំនួន ៧០វត្ត ក្នុងនោះស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចំនួន ៥២វត្ត ស្រុកកំចាយមារ ខេត្តព្រៃវែងចំនួន ៩វត្ត និងស្រុក រមាសហែក ខេត្តស្វាយរៀងចំនួន ៩វត្ត ដែលពិធីប្រគេនទៀនព្រះវស្សានេះបានប្រារព្ធធ្វើរួមគ្នានៅក្នុង វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បញ្ជាក់ថា៖ ការចូលព្រះវស្សានេះ ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាតែងបានជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ប្រគេនដល់ភិក្ខុសង្ឃឆាន់ និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ បុណ្យចូលកាន់ព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបុព្វជិតតែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ គឺមួយត្រៃមាសក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឲ្យដាច់វស្សា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់បំផុត កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលការឈ្នះឆ្នោតនេះបានផ្តល់លទ្ធភាព ឱ្យគណបក្សប្រជាជនកម្ពុជាបានបម្រើ ការពារ និងកសាងប្រទេសជាតិជាបន្តទៀត ធ្វើការអភិវឌ្ឍនូវសមិទ្ធ ផលជាតិថ្មីៗបន្ថែមទៀតគឺបន្ថែមពីលើអ្វីដែលយើងមានស្រាប់ដូចពេលបច្ចុប្បន្ននេះ។

ចំពោះទៀនព្រះវស្សារួម និងគ្រឿងប្រដាប់ប្រើប្រាស់ផ្សេងៗ ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេង សំរិន បានប្រគេនដល់វត្តទាំងអស់ខាងលើក្នុងនោះ សម្រាប់វត្តគីរី សុវណ្ណរាម ហៅវត្តថ្កូវរួមមាន ទៀនព្រះវស្សា ១គូ អង្ករ ៣០គីឡូក្រាម ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០ កេស ភេសជ្ជៈ ៥កេស មីម៉ាម៉ា ៤កេសធំ ទឹកដោះគោខាប់ ២កេស ត្រីខ ២កេស ទឹកត្រី ១០យួរ ទឹកសុីអុីវ ១០យួរ តែ ៥គីឡូក្រាម ស្ករស ១បេ កាហ្វេ ១០កញ្ចប់ ប្រេងឆា ១កេស អំបិល ១បេ ប៊ីចេង ២កេសធំ និងបច្ច័យ ៥លានរៀល ក្រៅពីនេះវត្តចំនួន ៦៩ផ្សេងទៀត ក្នុង ១វត្តៗទទួលបានទៀនព្រះវស្សា ១គូ និង បច្ច័យ ១លានរៀលដូចៗគ្នា។ ជាមួយគ្នានេះសម្តេចទាំងទ្វេរក៏បានចែកជូនយាយជី តាជីចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលផងដែរ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner