អង្គការសម្ព័ន្ធសត្វព្រៃ ៖ការដាក់សត្វខ្លាទៅកាន់តំបន់ជួរភ្នំក្រវាញឡើងវិញនឹងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រព័ន្ធអេកូឡូស៊ី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នាឱកាសទិវាខ្លាពិភពលោកអង្គការសម្ព័ន្ធសត្វព្រៃ (WAC) អំពាវនាវឱ្យមានការយកចិត្តទុកពីស្ថាប័នពាក់ព័ន្ធ ក្នុងការអភិរក្សសត្វខ្លា ជាពិសេស ការជំរុញឱ្យមានការដាក់សត្វខ្លាទៅកាន់តំបន់ជួរភ្នំក្រវាញឡើងវិញ ដែលវានឹងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រព័ន្ធអេកូឡូស៊ី។

នៅថ្ងៃទី ២៩ កក្កដា ២០២៣ អង្គការសម្ព័ន្ធសត្វព្រៃ (WAC) បានលើកឡើងថា ខ្លាគឺជាសត្វមំសាសី (សត្វស៊ីសាច់ជាអាហារ)ដោយពួកវាជួយរក្សាចំនួនសត្វព្រៃ ដោយវាបាន ជួយការពារ ការស៊ីស្មៅលើសចំណុះ និងបញ្ហាបរិស្ថានផ្សេងទៀត ខណៈដែល សត្វខ្លាក៏អាចបំបែកគ្រាប់ពូជដែលជួយបង្កើតព្រៃឈើឡើងវិញ។

អង្គការសម្ព័ន្ធសត្វព្រៃ បានបញ្ជាក់ថា៖ក្រៅពីអត្ថប្រយោជន៍ អេកូឡូស៊ី ការដាក់សត្វខ្លាឡើងវិញ ក៏នឹងមានអត្ថប្រយោជន៍ ខាងវប្បធម៌ដែរ។ ប្រជាជនខ្មែរមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយធម្មជាតិ ហើយខ្លាត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃកម្លាំង ថាមពល និងតុល្យភាព»។

តំណាងអង្គការសម្ព័ន្ធសត្វព្រៃបានបញ្ជាក់ថា៖« ពួកយើងបានចងចាំថានៅពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រគម្រោងការចិញ្ចឹមសត្វខ្លានៅកម្ពុជាឡើងវិញ។
សម្តេច​​បាននិយាយកាលពីខែសីហាឆ្នាំ ២០១៧ ក្នុងវេទិកាជាតិលើកទី២​ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិថា ចំនួនខ្លាកាន់តែច្រើន យើងមានមោទនភាពកាន់តែខ្លាំងនៅក្នុងប្រទេសរបស់យើង»។

សូមជម្រាបថា នៅថ្ងៃទី២៩ខែកក្កដា ជាទិវាខ្លាពិភពលោក ដោយក្រុមអ្នកស្រឡាញ់ខ្លា និងសត្វព្រៃ នៅទូទាំងពិភពលោក បានប្រារព្ធទិវាដ៏អស្ចារ្យទាំងនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្រូវការបន្ទាន់ដើម្បីការពារសត្វខ្លា និងជម្រករបស់ពួកវា។ ក្រុមអ្នកស្រឡាញ់ខ្លា បានបង្ហោះនូវរូបភាពសត្វខ្លាជាច្រើន ដោយអមនឹងពាក្យពេចន៍ថា ខ្លាមិនត្រឹមតែជារូបតំណាងនៃភាពស្រស់ស្អាត និងកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរក្នុងការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់ពួកគេ។សូមចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស ប្រយុទ្ធប្រឆាំងនឹងការបរបាញ់ និងអភិរក្សសត្វខ្លា។

សូមជម្រាបថា កម្ពុជានិងឥណ្ឌាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីចិញ្ចឹមសត្វខ្លានៅកម្ពុជាឡើងវិញ។ ឥណ្ឌាគឺជាប្រទេសដែលឈានមុខគេលើពិភពលោកក្នុងការអភិរក្សសត្វខ្លា ហើយ អនុស្សរណៈ នឹងអនុញ្ញាតឱ្យកម្ពុជាបានរៀនពីការហ្វឹកហាត់ដ៏ល្អពីឥណ្ឌាផងដែរ៕ ដោយ៖ វណ្ណ សុជាតា

ads banner