គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាលបដិសេធចោលនូវពាក្យចោទប្រកាន់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

ភ្នំពេញ៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ សម រង្ស៊ី បានបង្ហោះកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទ.១១០២ នៃការិយាល័យបោះឆ្នោត ចំនួន៣ ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួមមានការិយាល័យលេខ ១៥៨៤, ១៥៨៨ និង ១៥៩៦ ដោយអះអាងថា “ការិយាល័យបោះឆ្នោតទាំងនោះមិនបានកត់ត្រាចំនួនសន្លឹកឆ្នោតរបស់គណបក្សនយោបាយ ដែលបានចូលរួមឈរឈ្មោះបោះឆ្នោតនៅការិយាល័យទាំងនោះ គ្រាន់តែកត់ត្រានូវចំនួនសន្លឹកឆ្នោតសរុបតែប៉ុណ្ណោះ ដែលជាភស្តុតាងមួយបញ្ជាក់ថាសន្លឹកឆ្នោតទាំងនោះត្រូវបានគេលួចបន្លំ”។

គណៈកម្មការជាតិរៀបចំការបោះឆ្នោត ខេត្តកណ្តាល បានបន្តថា តាមការបញ្ជាក់របស់ប្រធានការិយាល័យបោះឆ្នោតនិងរាប់សន្លឹកទាំង៣ខាងលើ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្ដាល សូមធ្វើការបំភ្លឺចំពោះសាធារណមតិសូមជ្រាបថា បន្ទាប់ពីបញ្ចប់ការរាប់សន្លឹកឆ្នោតភ្លាម លេខាធិការនៃការិយាល័យរាប់សន្លឹកឆ្នោតទាំង៣ ខាងលើ បំពេញ ទ.១១០២ ចំនួន ២ ច្បាប់ត្រឹមត្រូវ ដោយឡែក ១ច្បាប់ ដែលយកទៅបិទផ្សាយនៅមុខការិយាល័យ មិនបានកត់ត្រាសំឡេងឆ្នោតគាំទ្ររបស់គណបក្សនយោបាយ។ ស្របពេលនោះ ដោយដឹងពីចំណុចខ្វះចន្លោះរបស់ខ្លួន មន្ត្រីការិយាល័យក៏បានកត់ត្រាបន្ថែមនូវសំឡេងឆ្នោតគាំទ្ររបស់គណបក្សនយោបាយនីមួយៗ ភ្លាមៗដែរ។ នេះបញ្ជាក់ថាករណីខាងលើ គឺជាការធ្វេសប្រហែសរបស់មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត។ ដូច្នេះគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្ដាល សូមបដិសេធទាំងស្រុងនូវពាក្យចោទប្រកាន់ខាងលើ ដែលលើកឡើងថាសន្លឹកឆ្នោតនៅការិយាល័យទាំង៣ខាងលើ ត្រូវបានគេលួចបន្លំ៕

ads banner