ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើលិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស និងគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល តាងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងសេចក្តី ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ទាំងអស់ ជាថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា បងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមតំបន់និងបណ្តាប្រទេសនានាដែលកំពុងរស់នៅ និងស្នាក់នៅក្រៅប្រទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ចាប់តាំងពីការអំពាវនាវឱ្យមានការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមរយៈការចេញវីដេអូឃ្លីប និងសារគាំទ្រជាបន្តបន្ទាប់ រហូតដល់នាំក្រុមគ្រួសារធ្វើដំណើរមកប្រទេសកម្ពុជាដោយផ្ទាល់ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត និងបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា មួយចំនួន បានធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត និងមួយចំនួនទៀតដែលមានសិទ្ធិបោះឆ្នោត ក៏បានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ជ្រាលជ្រៅសេចក្តីនឹករលឹក និងសេចក្ដីថ្លែងអំណរគុណពីសំណាក់សម្ដេចអគ្គមហាសនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមប្រសិទ្ធិពរជ័យជូនបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា-ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ព្រមទាំងក្រុមគ្រួសារទាំងក្នុង និងក្រៅប្រទេស សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមបងប្អូនវិលត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព៕

ads banner