ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាសម្រេចតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប លើសំណុំរឿងលេខ០០១ និង០០៤ លើករណីញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿងចំនួន២ ករណីញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោត។

ជាលទ្ធផល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖
១.ទទួលពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់ឈ្មោះ យ៉ាន សុឃឿន និងមេធាវី សំ សុគង់ តំណាងឱ្យឈ្មោះ លី ម៉េងហ័ង ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
២.តម្កល់សេចក្ដីសម្រេច លេខ០០៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ និង លេខ០០១ ចុះថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកជាបានការពេញទាំងមូល។
៣.សេចក្ដីសម្រេចនេះ ប្រកាសនាសវនាការជាសាធារណៈ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ដទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។

សូមជម្រាបថា សម្រាប់សំណុំរឿងលេខ០០១ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ គឺ គ.ជ.ប ធ្លាប់បានសម្រេចពិន័យប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។ សំណុំរឿងលេខ០០៤ មានដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស នៅខេត្តត្បូងឃ្មុំ គឺ គ.ជ.ប ធ្លាប់បានសម្រេច ពិន័យប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល០៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

គួររម្លឹកឱ្យដឹងថា កាលពីថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចតម្កល់លុបឈ្មោះបុគ្គលចំនួន ៤រូប ចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេលពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ និងពិន័យពី ១០ ទៅ១៥លានរៀល។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បើកសវនាការលើបណ្តឹង/សំណុំរឿងចំនួន៥ មានលេខ ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។ លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣។ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣។

ជាលទ្ធផលក្រុមប្រឹក្សាសម្រេចដូចតទៅ៖
-សំណុំរឿងលេខ ០០១ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ ដោយបានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
-សំណុំរឿងលេខ ០០២ មានដើមបណ្តឹងឈ្មោះ ខឹម មុនីកុសល ភេទប្រុស នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប សម្រេចពិន័យប្រាក់ចំនួន ១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
-សំណុំរឿងលេខ ០០៣ មានដើមបណ្តឹងឈ្មោះ ស៊ុន សុភា ភេទស្រី នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។
-សំណុំរឿងលេខ ០០៤ និងលេខ ០០៥ មានដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស នៅខេត្តត្បូងឃ្មុំ ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ០៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា

ads banner