នៅថ្ងៃទី១ សីហា៖ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែសីហាស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ។ បើមានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នពីសណាក់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការនោះឆ្នោតនោះទេ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣១ ខែសីហានេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ការសម្រេចនេះ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមអគ្គលេខាធិការរងបានបញ្ជាក់ថា “ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឲ្យគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនិងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់មួយផ្នែក ឬក៏លទ្ធផលទាំងមូល។ ក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គឺ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣”។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែង។ អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។ ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២នាក់ ដែលតំណាងឱ្យ ៦៥សញ្ជាតិ មកពី ៦១ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០.០០០នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត៕
ដោយ៖ពលជ័យ

ads banner