លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនលើសលប់ជាង៦,៣លានសំឡេង

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រកាសដោយ គ.ជ.ប នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,៣១១សំឡេង។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៧១៦,៤៩០ សំឡេង។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រ ១៣៤,២៨៤ សំឡេង។ ចំណែកគណបក្សផ្សេងទៀតមិនទទួលសំឡេងឆ្នោតគាំទ្រច្រើននោះទេ។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣១ ខែសីហា នេះថា គ.ជ.ប កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចទៅលើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ការសម្រេចនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមអគ្គលេខាធិការរងបានបញ្ជាក់ថា “ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ គឺក្នុងគោលបំណងដើម្បីឱ្យយគណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងបោះឆ្នោតប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននេះ។ ការប្តឹងតវ៉ានេះ អាចតវ៉ា ឬក៏ជំទាស់មួយផ្នែក ឬក៏លទ្ធផលទាំងមូល។ ក្នុងករណីដែលអត់មានការប្តឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្នទេ គឺ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣”។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន ១៨ បានចូលរួមប្រកួតប្រជែង។ អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។
ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០.០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត៕
ដោយ៖ពលជ័យ

ads banner