មន្រ្តី៖ យើងមានតារាហានិភ័យ ឬផែនទីហានិភ័យ ដែលបញ្ជាក់ពីទីតាំងដែលត្រូវធ្វើកិច្ចការសង្គ្រោះ

អត្ថបទដោយ៖
CPA

សៀមរាប៖ ក្រុមការងារបច្ចេកទេសជួសជុលនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងធ្វើការ​ជួសជុល​ខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដែល​រងការខូចខាតដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។​

ប្រភពអាជ្ញាធជាតិអប្សរា បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា បាន​និយាយថា ការ​ជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត​នេះ គឺ​ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិ​ញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ផងដែរ​។

លោកស្រីថា ក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។​

លោកស្រី វិជ្ជាសច្ចរ៉ា ​បញ្ជាក់ថា  កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង ហើយ​ក្រុមការងារបានចាប់ផ្ដើមកិច្ចការដំ​បូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពីប្រភពណាជាដើម ។

លោកស្រីបន្តទៀតថា​ បន្ទាប់ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សាទៅលើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់កន្លែងដើមវិញឬក៏យ៉ាងណា ហើយ​ក្រៅពីនេះក្រុមការងារបានធ្វើការទល់ទ្រដំបូលកណ្ដាលកុំឱ្យរលុះធ្លាក់ថែមទៀតផង។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បាន​ប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែសីហាថា ការងារជួសជុលប្រាសាទ​នេះ គឺជាកិច្ចការងារប្រចំាថ្ងៃរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរា ប៉ុន្តែ​អ្វីដែលសំខាន់ គឺអាជ្ញាធរជាតិអប្សរា មានផែនការ​អនុវត្តកិច្ចការងារច្បាស់លាស់​ទៅលើការជួសជុល ការថែទាំ និ​ងសម្អាត។ ​

លោកបាន​បញ្ជាក់ដូច្នេះថា  ​រាល់ថ្ងៃយើងមានតារាហានិភ័យ ឬផែនទី​ហានិភ័យ ដែលបញ្ជាក់អំពីទីតាំងដែ​លត្រូវធ្វើកិច្ចការសង្គ្រោះ​។ បានន័យថា យើងកំណត់ទីតាំងអាទិភាពមួយទៅទីតាំងមួយទៀតក្នុង​ការជួសជុលនេះ​»​។​

បើតាមលោក ឡុង កុសល ការងារគ្រប់គ្រង​ការជូសជុល និងថែទាំ​របស់អាជ្ញាធរជាតិអប្សរា ធ្វើទៅតាមផែនទីចង្អុលផ្លូវ ហើយផ្តោតទៅលើការងារអាទិភាព។ បើការជួសជុលទីតាំងមួយបញ្ចប់ រួចរាល់ហើយ ក្រុមការងារអាជ្ញាធរជាតិអប្សរានឹងប្តូរទៅទីតាំងអាទិភាពទី២ និងទៅទី៣ទៀត​ជាដើម៕ដោយ៖គឹម យុត្ថារ៉ូ

ads banner