រដ្ឋមន្ត្រីការបរទេស៖ រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជាទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា។ ការបញ្ជាក់នេះ ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង ស្ថាប័ន ចំនួន១៥ ដែលប្រឡងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship – JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា(រូបថក្រសួងការបរទេស)

ប្រភពក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាចំពោះនិសិ្សតជ័យលាភីទាំង ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុននៅអំឡុងចុងខែសីហានេះ និងបានផ្តាំផ្ញើឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់ការជួយអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍សំខាន់ៗផងដែរដល់និស្សិតជ័យលាភីខាងលើពីស្ថានភាពទូទៅរបស់ ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់នៅទីនោះ និងចែករំលេកដោយសង្ខេបអំពីទំនាក់ទំនងកម្ពុជា-ជប៉ុន។ សំណូមពរឱ្យនិស្សិត និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុនត្រូវធ្វើការទំនាក់ទំនង​ជាប្រចាំ ជាមួយស្ថានទូតខ្មែរនៅទីនោះ ដើម្បីសុំជំនួយលើការងារកុងស៊ុលផ្សេងៗពីស្ថានទូត។

តំណាងនិស្សិតជ័យលាភី បានឡើងថ្លែងចំណាប់អារម្មណ៍ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសម និងទទួលបាននូវ អនុសាសន៍ដ៏មានតម្លៃ និងបានប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ និងរួមចំណែកសកម្មក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត៕

ដោយ៖ពលជ័យ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា(រូបថក្រសួងការបរទេស)
ads banner