លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ កត្តាសំខាន់ចំនួន៣ ដែលធ្វើឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូសមាគមកាយប្ញទ្ធិនារីកម្ពុជា មកកាន់ប្រទេសកម្ពុជាវិញហើយកាលពីព្រលប់ថ្ងៃទី២ សីហា ២០២៣ បន្ទាប់ពីកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក។

លោកទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា កត្តាជាច្រើនដែលធ្វើឱ្យសមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ គឺ ទី១.ឆន្ទៈរបស់ក្រុមការងារ ដោយកាលពីឆ្នាំទៅ គឺនៅពេលដែលសមាគមកាយប្ញទ្ធិនារីពិភពលោក បានចាត់ឱ្យប្រទេសជាសមាជិកចូលរួមដាក់ពាក្យស្នើសុំនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៅក្នុងសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ គឺប្រទេសកម្ពុជាបានដាក់ពាក្យចូលរួម។ ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា គឺមានឆន្ទៈ និងការតាំងចិត្តត្រូវតែធ្វើឱ្យបាន។ ទី២.យើងបានរៀបចំក្រុមការងារច្បាស់លាស់ គឺទៅតាមវិជ្ជាជីវៈរបស់យើង (ក្រុមការងារ team media) ដើម្បីរៀបចំនៅក្នុងការថតវិដេអូ និងថតអំពីកន្លែងទេសចរណ៍របស់ប្រទេសកម្ពុជា សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីបង្ហាញពិភពលោកឱ្យបានស្គាល់។ ទី៣.ការគាំទ្រខ្លាំងពីសមាជិក សមាជិកា របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា។ នេះជាកត្តាដែលធ្វើឱ្យប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក។

សូមជម្រាបថា លោកទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើស ប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។ កម្ពុជាត្រូវបានជាប់ក្នុងចំណោម ៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការ បានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត។ បន្ទាប់មកកម្ពុជា ក៏បានបន្តជាប់ ក្នុងចំណោម២ប្រទេសចុងក្រោយ គឺ កម្ពុជា និងហ្គាណា ដើម្បីឈានទៅបោះឆ្នោតសម្រេចផ្ដាច់ព្រ័ត្រ ហើយនៅទីបំផុត និងជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។

សូមបញ្ជាក់ថា សមាគមកាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី១៦៩ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក។ សមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិកា សមាជិក ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជួយគាំទ្រ ទាំងកម្លាំងចិត្ត និងថាមពលនានា ដើម្បីដាក់បេក្ខភាពកម្ពុជា សម្រាប់ធ្វើការជ្រើសរើស ដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយរបស់ជនរួមជាតិ ក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ រហូតសម្រេចបានសមិទ្ធផលល្អប្រសើរត្រចះត្រចង់នាពេលនេះ ហើយសមាគមសូមលើកទឹកចិត្តដល់ គ្រប់សមាជិកា សមាជិកទាំងអស់ រក្សាស្មារតីដ៏ប្រពៃនេះទៅថ្ងៃអនាគតទៀត៕
ដោយ៖ពលជ័យ

ads banner