រាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៣ បានចេញអនុក្រិត្យមួយស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំស្ថិតនៅក្នុងភូមិសាស្រ្តខេត្តព្រៃវែង។

បើយោងតាមអនុក្រិត្យនេះបានបញ្ជាក់ថា៖រាជរដ្ឋាភិបាលសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ ហិកតា(មួយរយម្ភៃប្រាំហិកតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា) និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានចំនួន៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដូចមាននិយាមកា(Datum:WGS1984)ភ្ជាប់ក្នុង ឧបសម្ព័ន្ធ១និងផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

សម្រាប់ទីតាំង៩កន្លែងខាងលើនេះ មានឈ្មោះនិងទំហំផ្ទៃដី ដូចខាងក្រោម៖ ១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ១០១,៤១១៩ហិកតា(មួយរយមួយហិកតាសែសិបមួយអាដប់ប្រាំបួនសង់ទីអា)។២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា(ហុកសិបបីអាប៉ែតសិបប្រាំសង់ទីអា)។ ៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា(មួយហិកតាសាមសិបប្រាំមួយអាសែសិបពីរ សង់ទីអា)។៤- វត្តវិហារធំ មានផ្ទៃដីទំហំ៣,១៤៥១ហិកតា(ហិកតាដប់បួនអាហាសិបមួយសង់ទីអា)។៥- ស្រះបិទបាយ មានផ្ទៃដីទំហំ៨,០៦០៧ហិកតា(ប្រាំបីហិកតាប្រាំមួយអាប្រាំពីរសង់ទីអា)។ ៦- អ្នកតាមេសរ មានផ្ទៃដីទំហំ០,៧៨១២ហិកតា(ចិតសិបប្រាំបីអាដប់ពីរសង់ទីអា)។ ៧- ស្រះស្រង់ មានផ្ទៃដីទំហំ១,៥៨១៦ហិកតា(មួយហិកតាហាសិបប្រាំបីអាដប់ប្រាំមួយសង់ទីអា)។៨- ភ្នំវត្តកំពូលភ្នំឈើកាច់ មានផ្ទៃដីទំហំ២,៥២៦៤ហិកតា(ពីរហិកតាហាសិបពីរអាហុកសិបបួន សង់ទីអា)។៩- មណ្ឌលមុនីស្ថានតាបសភ្នំតូច មានផ្ទៃដីទំហំ៥,៧៦៧៩ហិកតា(ប្រាំហិកតាចិតសិបប្រាំមួយអា ចិតសិបប្រាំបួនសង់ទីអា)។

ចំពោះអនុក្រឹត្យនេះដែរមានគោលបំណងដូចជា៖ ការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន-នគរភ្នំ” ដែលជាទឹកដីដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។

ការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ការពារនិងអភិរក្សធនធានជីវៈចម្រុះ ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងមុខងារនៃតំបន់នេះ។ការពារសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើ ដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ និងបេតិកភណ្ឌ វប្បធម៌។

ផ្តល់សេវាកម្មធម្មជាតិនិងបេតិកភណ្ឌវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព – លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការថែរក្សា ការការពារ និងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌ វប្បធម៌ឱ្យបានគង់វង្ស។

ជាមួយគ្នានេះក្រសួងបរិស្ថាននិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងតំបន់បេតិកភណ្ឌ ធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង និងសហគមន៍មូលដ្ឋាន ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner