អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ បាន​រៀប​ចំ​សិក្ខា​​សាលា​ស្តី​ពី ការ​អភិ​រក្ស និង​ជួស​ជុល​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញា​ធរ​ជាតិ​ព្រះវិហារបាន​រៀប​ចំ​សិក្ខា​សាលា​ស្តី​ពីការ​ងារ​អភិ​រក្ស និង​បច្ចេក​ទេស​ជួស​ជុល​ថ្ម នៅ​រម​ណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ លើ​វិធី​សាស្រ្ត​ក្នុង​ការ​ងារ​អ​ភិ​​រក្ស ជួស​ជុល​ប្រាសាទ​ទាំង​នោះ​នា​ពេល​ខាង​មុខ។

សិក្ខា​សាលា​នេះ បាន​រៀប​ចំ​ឡើង​រយៈ​ពេល​ពីរថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៣ ដល់ ថ្ងៃ​ទី៤ ខែសីហា ក្រោម​អធិបតី​លោក ហែម ស៊ីណាត អគ្គ​នាយក​រង​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ, ​លោក​សាស្ត្រា​ចារ្យ Dr. Hans Lei​sen, លោក គឹម សុធិន អគ្គ​នាយក​រង​អាជ្ញា​ធរ​ជាតិ​អប្សរា ព្រម​ទាំង​អ្នក​ជំនាញ​ជាតិ អន្តរ​​ជាតិ​មក​ពី​អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃ​គុក សារ​មន្ទីរ​ជាតិ​ភ្នំពេញ អភិ​រក្ស​ដ្ឋាន​អង្គរ ស្ថាប័ន World Monument Fund និង​ស្ថា​ប័ន GIZ​។

​យោងតាម​​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ​ថា​ ​ការ​រៀប​ចំ​នេះ​ក្នុង​គោល​បំណង​ដើម្បី​ប្រ​មូល​ធាតុ​ចូល ពី​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ លើ​វិធី​សាស្រ្ត​ក្នុង​ការ​ងារ​អភិ​រក្ស ជួស​ជុល និង​ការ​ប្រើ​ប្រា​ស់​​សម្ភារ​​សម្រាប់​អនុ​វត្ត​នៅ​ប្រាសាទ​បល្ល័ង្ក​ត្បូង និង​ប្រាសាទ​នា​នា​ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ​នា​ពេល​ខាង​មុខ​។

លោក គង់ ពុទ្ធិការ អគ្គ​នាយក​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ បានថ្លែងប្រាប់​ឱ្យ​ដឹងនៅថ្ងៃទី​៦ ខែសីហា ​ថា ទាក់​ទ​​ង​នឹង​ការ​អភិ​រក្ស និង​បច្ចេក​ទេស​ក្នុង​ការ​ជួស​ជុល ​​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​ធ្លាប់​បាន​រៀប​ចំ​បើក​ការ​បណ្ដុះ​ប​ណ្ដា​ល​រួច​មក​ហើយ​​ប៉ុន្តែ​​​ជា​លើក​ដំបូង​ដែល​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​ធ្វើ​ឡើង​ជា​ក្រប​ខ័ណ្ឌ​សិក្ខា​សាលាដូចនេះ​។​

លោក​​បន្ត​ថា ៖ «​​មូល​ហេតុ​នៃ​ការ​រៀប​ចំ​សិក្ខា​សាលា​នេះ​ឡើង ​ដោយ​សារ​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ ចង់​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ការ​ងារ​អភិ​រក្ស និង​ជួស​ជុល​ថ្ម ​នៅ​តាម​តំបន់​នី​មួយៗ​រ​ប​​ស់​ខ្លួន​គ្រប់​គ្រង»​​។ដូច្នេះ​ជា​រួម​នៅ​ក្នុង​សិក្ខា​សាលា​នេះ មិន​​ត្រឹមតែ​​​ទទួល​បាន​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បា​ន​ចុះ​ទៅ​អនុវត្ត និង​ពិនិត្យ​មើល​ទីតាំង​ដោយ​ផ្ទាល់ ហើយ​ក៏​បាន​យល់​ដឹង និង​ទទួល​បាន​នូវ​បទ​ពិសោ​ធ​ន៍​​នៃ​​ការ​ងារ​ជួស​ជុល​ក្នុង​កន្លែង​នី​មួយ​ៗ​ផងដែរ​ ដើម្បី​សំយោគ​ចូល​គ្នា​សម្រាប់​ឱ្យ​ដឹង​ថា​តើ​អាជ្ញា​ធរ​ជាតិ​ព្រះ​វិ​ហារ​ត្រូវ​តែ​មាន​ការ​គិត​គូរ​យ៉ាង​ណា​ទៅ​លើ​ការ​ងារ​អភិ​រក្ស​ និង​ជួស​ជុល​ថ្ម នៅ​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេ​រ​។

លោក គង់ ពុទ្ធិការ បាន​ថ្លែងថា យើង​បាន​ប្រយោជន៍​ច្រើន​ពី​សិក្ខា​សាលា​ហ្នឹង ដោយ​យើង​បាន​ដក​ស្រង់​នូវ​បទ​ពិសោធន៍​ការ​ងារ​នៅ​កន្លែង​ផ្សេងៗ យើង​ដឹង​ថា​នៅ​ប្រាសាទ​អង្គរ​គេ​ធ្វើ​មិច នៅ​ប្រាសាទ​សំបូរ​ព្រៃ​គុក​គេ​ធ្វើ​ម៉េច ហើយ​នៅ​ខាង​ក្រុម​ការ​ងារ​របស់​អាឡឺម៉ង់​គេ​ធ្វើយ៉ាងម៉េច។

​អគ្គ​នាយក​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារដដែល​បានបន្តទៀតថា ​​ចំណុច​នៃ​ការ​ងារ​ជួស​ជុល​មាន​ខ្លះ​ដូច​គ្នា ហើយ​ខ្លះ​​ទៀត​មិន​ដូច​គ្នា ។អ៊ីចឹង​បន្ទាប់​ពី​បញ្ចប់​សិក្ខា​សាលា​នេះ យើង​បាន​ចង​ក្រង​ជា​អនុ​សាសន៍  ដើម្បី​យក​ទៅ​អ​នុវត្ត​កិច្ច​ការ​អភិ​រក្ស និង​ជួស​ជុល​ប្រាសាទ​នា​នា​ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ​របស់​យើង​ជា​បន្ត​ទៅ​មុ​ខ​ទៀត​​។

បន្ថែម​ពី​នេះ​ទៀត លោកថា នៅ​ក្នុង​សិក្ខា​សាលា​នេះ វា​ក៏​អាច​ផ្ដល់​ជា​លទ្ធ​ភាព​ទៅ​ដល់​​អ្នក​ជំនាញ​ជាតិ​ និង​អន្តរ​ជាតិ​ទាំង​អស់​នោះ គឺ​ពួក​គាត់​អាច​មក​ពិនិត្យ​មើល​ផ្ទាល់​ទៅ​លើ​បញ្ហា​ប្រាសាទ​កោះ​កេរ​ថា​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ ដើម្បី​ផ្ដល់​នូវ​យោបល់​ពី​សំណាក់​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ ក្នុង​កិច្ច​ការ​ដោះ​ស្រាយ​បញ្ហា​អភិ​រក្ស និង​ជួស​ជុល​ក្នុង​តំបន់​នោះ​៕ដោយ៖ជា សុខនី

ads banner