ផលិតករកម្ពុជា និងចិន កំពុងពិភាក្សាពីឱកាសសហការផលិតភាពយន្តរួមគ្នានៅលើទឹកដីកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈប្រតិភូកម្ពុជាដែលមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករ និងសិល្បៈខ្មែរមួយចំនួន នឹង​ទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រឆ្នាំ២០២៣ នៅខែកញ្ញា ខាងមុខនេះ នៅ​ប្រទេសចិន​។​ផលិតករទាំងពីរកំពុងពិភាក្សាពីឱកាសសហការផលិតភាពយន្តរួមគ្នានៅលើទឹកដីកម្ពុជាផងដេរ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ  ភឿង សកុណា កាលពីថ្ងៃទី ​៨ ខែសីហានេះ បានអនុ​ញ្ញាតឱ្យលោកស្រី លូ ជីង (LU JING) សមាជិកាអចិន្រ្តៃយ៍គណៈកម្មាធិការបក្សទីក្រុងហ្វូចៀន ខេត្តហ្វូចូវ នៃសា​ធា​រណរដ្ឋប្រជាមាននិតចិនព្រមទាំងគណៈប្រតិភូចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ភាគីចិនក៏បាន​អញ្ជើញលោកជំទាវ ភឿង សកុណា រួមនឹងគណៈប្រតិភូ ផលិតករ និងសិ​ល្ប​​ករកម្ពុជា ដើម្បីទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្វូចូវ​ ខេត្តខេត្តហ្វូជៀន​។

តាមរយៈក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​លោកជំទាវ ភឿង សកុណា បានថ្លែងថា ឈរលើមូលដ្ឋាននៃទំ​នាក់ទំនងជាប្រវត្តិសាស្រ្តនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រឹងប្រែងពូនជ្រំចំណងមិត្តភាព និ​ងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់ រហូតឈានដល់ភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយ។

លោកជំទាវមានប្រសាសន៍​ថា ៖ «​ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ ប្រទេសយើងទាំងពីរបា​នប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះ វិស័យវប្បធម៌ ក៏ត្រូវបានលើកកម្ព​ស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍វាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ»។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ប្រាប់ឱ្យដឹងនៅថ្ងៃទី​៩ ខែសីហាថា តបតាមការអញ្ជើញពីភាគីចិន លោកស្រី ភឿង សកុណា បានទទួលយកសំណើនេះ និងពិនិត្យពេ​លវេលាជាក់ស្តែងថានឹងអាចចូលរួមដោយផ្ទាល់បានដែរឬយ៉ាងណា?។

លោកបានថ្លែងថា ៖ «ក្នុងករណីលោកជំទាវមានបេសកកម្ម ឬជាប់រវល់សកម្មភាពផ្សេង លោកជំទាវក៏នឹងចាត់តាំងតំណាងពីក្រសួងវប្បធម៌ដើម្បីទៅចូលរួមព្រឹត្តិការណ៍នោះដែរ»។

លោក ប៉ុក បូរក្ស ​បញ្ជាក់ទៀត​ថា ជារួមនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យភាពយន្តរវាងកម្ពុជា និងចិន ជាពិសេសផ្តោតទៅលើក្រុងហ្វូចូវ​  ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរគ្នាតាំងពីមុនជំងឺរា​តត្បាតកូវីដ ១៩ ពោលចាប់តាំង ពីឆ្នាំ ២០១៩មក។ ​

ដោយឡែកពាក់ព័ន្ធនឹង​សប្តាហ៍ផ្លាស់ប្តូរភាពយន្តកម្ពុជា-ចិន ដែលបានរៀបចំថ្មីៗនេះ ភាគីទាំងពីរក៏មានធ្វើ​វេទិកាកិច្ចសហប្រតិបត្តិការ ដែល​បានអញ្ជើញវាគ្មិនទាំងភាគីចិន និងកម្ពុជា ធ្វើការជជែកផ្លាស់ប្តូរបទពិ​សោធ​ន៍នូវទស្សនៈគ្នាទៅវិញទៅមកពាក់ព័ន្ធចំណុចសំខាន់ចំនួនពីរ។

លោក ប៉ុក បូរក្ស ប្រាប់ថា ៖ «ទី១ គឺឱកាសនៃការធ្វើការសហការផលិតរួមគ្នារវាងផលិតករភាពយន្តចិន និងកម្ពុជា ​ដែលចំណុចនេះគឺមានការចាប់អារម្មណ៍ខ្លាំងរវាងភាគី និងចំណុចទី២គឺធ្វើម៉េចក្នុងការទាក់ទាញ ផលិតករចិនឱ្យមកថតភាពយន្តនៅក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់ទឹកដីកម្ពុជាក្នុងការផលិតភា​ពយន្ត»។ ​

សូមជម្រាបថា នៅថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៣ កម្ពុជា-ចិន បានបើកពឹ្រត្តិការណ៍សប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជន នៅស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត៕ដោយ៖សុខ រក្សា

ads banner