សារមន្ទីរជាតិទទួលបាន​ហូលពិដាន និងផ្ទាំងកំណាត់សូត្រជាលើកទី២ ជាង៤០ផ្ទាំងពី​ក្រុម​ការងារ​​ពិដាន​ជន​ជាតិ​ជប៉ុន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សារមន្ទីរជាតិតាមរយៈរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ទទួល​នូវ​ហូលពិដាន និងផ្ទាំងកំណាត់សូត្រជាលើកទី២ ជាង៤០ផ្ទាំង​បន្ថែមទៀត ពី​ក្រុម​ការងារ​​ពិដាន​ជន​ជាតិ​ជប៉ុន ដែល​ការប្រគល់ ទទួល​នេះបានធ្វើឡើង​កាល​ពី​ថ្ងៃទី​៨ ខែសីហា ​​ក្រោម​អធិបតីភាព​នៃថ្នាក់ដឹកនាំ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈផ្ទាល់​។​

​ការប្រគល់នូវ​ហូលពិដាន និង​ផ្ទាំងកំណាត់សូត្រនេះដោយ​ក្រុមការងារពិដានជនជាតិជប៉ុន ដែល​ដឹកនាំដោយលោកស្រី​ YONEKURA Yukiko និង​លោកស្រី MIYAMOTO Kazuko ដែល​​ទទួលការអនុញ្ញាតចូ​លរួមសម្តែងការគួរសមជាមួយ​នឹង​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទី​ស្តីការក្រសួង​។

​តាមរយៈសារមន្ទីរជាតិ​បាន​ឱ្យដឹងថា ក្នុង​ជំនួបនោះ ក្រុមការងារជប៉ុន បានប្រគល់ហូលពិដាន និងផ្ទាំងកំ​ណាត់សូត្រលើកទី២ សរុបចំនួន ៤១ផ្ទាំង ជូនក្រសួង ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា។

សារមន្ទីរជាតិបាន​លើកឡើងថា ៖ «​កាលពីកំឡុងទសវត្សរ៍ឆ្នាំ២០០០ ក្រុមការងារពិដាននេះ​ បានប្រគល់ផ្ទាំងកំណាត់សូត្រចំនួន២៥ផ្ទាំងរួចម្តងមកហើយ។ សមុច្ច័យទាំង៤១ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំ​ខា​ន់​ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរ នារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ»។

សារមន្ទីរជាតិ ក៏បានបញ្ជាក់ដែរថា គោលបំណងចម្បងនៃការប្រគល់នេះ ​ដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិត និងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ ក្បាច់លម្អ ដែលមាននៅលើផ្ទាំងសូត្របាន រម្លេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃ និងជំនឿនានា ដែលខ្មែរគោរពប្រតិបត្តិ ជាពិសេស គឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។​

ប្រភពដដែល​បន្តថា ៖ «​ក្រុ​ម​ការងារចង់ផ្តល់លទ្ធភាព និងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វេងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចចូលមកពិនិត្យផ្ទា​ល់បាននៅសារមន្ទីរជាតិ ដោយទាក់ទងផ្ទាល់មកសារមន្ទីរជាមុន ដើម្បីក្រុមការងារអាចរៀបចំសមុ​ច្ច័យ​ទាំងនោះទាន់ពេលវេលា ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំ»​។

​លោក ឆាយ វិស្សុត ប្រធានសារមន្ទីរជាតិ​ ប្រាប់ឱ្យ​ដឹង​នៅថ្ងៃទី៩ ខែសីហាថា សមុច្ច័យដែលមានតម្បាញសូត្រនេះ កន្លងមក​ក៏ធ្លាប់ទទួលបានពីជនជាតិអូស្រ្តាលីមួយរូបដែរ​ ដែលធ្លាប់បានប្រមូលទិញពីសម័យសង្គ្រា​មនៅឆ្នាំ​១៩៧០ ប៉ុន្តែ​ក្រោយបញ្ចប់សង្គ្រាម គាត់ក៏ប្រគល់មកសារមន្ទីរដើម្បីថែរក្សា។

លោក​បន្តថា ក្រោយមកទៀត ក្នុង​​អំឡុងឆ្នាំ​២០១១​-២០១៤​ ក្រុមការងារជប៉ុននេះ ក៏បានប្រគល់នូវ ផ្ទាំងកំណាត់សូត្រចំនួន ២៥ ផ្ទាំង លើកទី​១ និងបានដាក់តាំងបង្ហាញទៅតាមប្រភេទផ្សេងនៃពិដានដែលបានប្រើប្រាស់នៅតាមសហគមន៍វត្តអារាមផងដែរ​។​

លោកបាន​ឱ្យដឹងទៀតថា មួយវិញទៀតសារមន្ទីរជាតិ​ក៏ធ្លាប់ទទួលបានពីអ្នកតម្បាញ និង​តាមផែនការ សា​រមន្ទីរនឹងបញ្ជាទិញនូវវាយនភណ្ឌតម្បាញសូត្រពីក្រុមតម្បាញដើម្បីយកមករក្សាទុក​ផងដែរ ព្រោះមុនឆ្នាំ​១៩៧៥ សមុច្ច័យមានចំនួន ជាង ៦០០ ផ្ទាំង ប៉ុន្តែ​ត្រូវបានបាត់បង់ជាង​ពាក់កណ្តាល។

លោក ឆាយ វិស្សុត មានប្រសាសន៍ថា ​៖ «ដើម្បីរក្សាបាននូវសមុច្ច័យទាំងអស់នេះ សារមន្ទីរគ្រោងនឹងទិ​ញចូលនូវសមុច្ច័យកម្រៗ ដែល​មានក្បាច់ណា​មានសារៈប្រយោជន៍ទៅថ្ងៃក្រោយ»។

ចំពោះសារៈប្រយោជន៍នៃការរក្សាទុកនូវសមុច្ច័យ វាយនភណ្ឌទាក់ទងនឹងតម្បាញសូត្រនេះ  លោកបាន​ប្រាប់ថា ដោយសារសមុច្ច័យទាំងនេះ កំពុងប្រឈមនឹងការបាត់បង់ ព្រោះវាផលិតចេញពី​ធនធានធម្មជាតិ  ដែលមិនប្រើគីមី និងមួយចំនួនទៀតដែលមានក្បាច់មួយចំនួននៅក្នុងសូត្រនោះស្ទើតែប្រឈមនឹងការ​បា​ត់បង់ផងដែរ​។

លោកថ្លែងថា ៖ «អីចឹង! វាជាឱកាសមួយសម្រាប់យើងរក្សាទុករបស់ទាំងអស់ហ្នឹងធ្វើការផ្សព្វផ្សាយ ហើ​យនឹង​ផ្តល់ជូនទៅដល់សាធារណជន ​ពិសេស​អ្នកតម្បាញដែលមានបំណងចង់សិក្សាស្វែងយល់ពីទំហំ ប្រ​ភេទ ក្បាច់លម្អ  ក្បាច់គោម និងក្បាច់ភ្ជីៗ ដែលប្រើប្រាស់នៅលើក្រណាត់សូត្ររបស់យើង​អាចសិក្សាបា​ន​»​។

បើតាម លោក ឆាយ វិស្សុត ក្រៅពីនេះ សារមន្ទីរជាតិ​ក៏នឹងរៀបចំដាក់តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ខណៈពេលដែលកាលពីកន្លងទៅ ក៏​បានរៀបចំពិធីនេះដែរ​ជាមួយក្រុមការងារជប៉ុននេះ ដែល​ពេលនេះ ក្រុមការ​ងារជប៉ុនបានប្រគល់មកទៀត ដូចនេះ ក្រុមការងារសារមន្ទីរនឹងធ្វើការរៀបចំបោះពុម្ព ​ផ្សព្វផ្សាយជាសាធា​រណៈ និងរៀបចំពិព័រណ៍ដោយជ្រើសរើសសមុច្ច័យណាដែលល្អៗ សម្រាប់ដាក់តាំងបង្ហាញជូនពលរដ្ឋបានទស្សនាផងដែរ៕ដោយ៖គឹម យុត្ថារ៉ូ

ads banner