ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់របស់អ្នក ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកអ្នកមិនទាន់អាចចាប់យកកិច្ចការងារអាជីវកម្មធំដុំពេកនោះទេ គួររក្សាអាជីពឲ្យនៅកំរិតអប្បបរមានោះជាការប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងប្រសើរណាស់។ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការងារជាក្រុមផងដែរ ដូច្នេះសូមកុំបោះបង់ការពិភាក្សាជាមួយសមាជិកក្នុងក្រុម។ ចូររក្សាភាពអត់ធ្មត់ ស្ងប់ស្ងៀម និងមានអធ្យាស្រ័យជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញកុំពាក់ព័ទ្ធឲ្យសោះ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វឲ្យបានល្អ នោះអ្នកនឹងជួបសំណាង និងទទួលបានលុយកាក់ជាច្រើននៅពេលអនាគតដ៏ខ្លីនេះ។ ចំពោះការអភិវឌ្ឍន៍វីជ្ជាជីវគឺនឹងផ្តល់ផលល្អដល់អ្នក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ។ សូមប្រាស្រ័យទាក់ទងមនុស្សដែលមានកំណើតឆ្នាំកុរ ហើយជៀសវាងមនុស្សឆ្នាំចខាល។ ការលក់ចេញទិញចូលអចលនទ្រព្យ គឺអាចធ្វើទៅបានដោយគ្មានផលអវិជ្ជមានឡើយ។ ការងារធំដុំនានា អាចនឹងសម្រេចទៅបានទាំងអស់ ប៉ុន្តែសូមមានឥរិយាបល្អជាមួយមនុស្សជុំវិញខ្លួន។ ពេលវេលាមង្គលមានពេញមួយថ្ងៃ អ្នកអាចសម្រេចចិត្តចាប់ផ្តើមនៅពេលណាក៏បាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង។ សូមដាក់ចេញនៅគម្រោងការងារថ្មី ដែលអ្នកបានគិតគូរ ពីព្រោះលោកអ្នកនឹងអាចទាញផលមកវិញបានប្រសើរណាស់។ សូមព្យាយាមរក្សាភាពទន់ភ្លន់ និងអត់ទ្រាំ ពីព្រោះអ្នកអាចមានជម្លោះជាមួយមនុស្សផ្ទុយភេទ និងសូមជៀសវាងមនុស្សឆ្នាំថោះ។ គំនិតយោបល់របស់អ្នកនឹងមានមនុស្សគាំទ្រ និងជឿជាក់យ៉ាងច្រើន ដូច្នេះប្រើប្រាស់រាសីថ្ងៃនេះទាញផលសម្រាប់កិច្ចការងារផ្សេងៗ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី ប៉ុន្តែសូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្តប្រសិនបើអ្នកមានបញ្ហា។ ជៀសវាងសម្រេចចិត្តទាំងមិនច្បាស់លាស់។ មនុស្សនិន្ទាមានច្រើនក្នុងថ្ងៃនេះ ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់ និងរស់នៅដោយកុំប្រមាថស្ថានការណ៍។ ប្រសិនបើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ ទំនាក់ទំនងនឹងកុមារអាចជួយបញ្ជៀសបញ្ហាដោយចៃដន្យបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ចំណែកបញ្ហាដែលធ្លាប់មានក៏អាចដោះស្រាយបានទាំងអស់នៅថ្ងៃនេះ។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ គឺនឹងទទួលបានលាភដ៏ធំ និងអាចរក្សាស្ថេរភាពបាន។ មនុស្សដែលធ្លាប់រំខានសេចក្តីសុខអ្នក នឹងបែរជាបាក់បបខ្លបខ្លាចអ្នកទៅវិញ។ ការទិញចូលអចលនទ្រព្យអាចធ្វើទៅបានយ៉ាងប្រសើរណាស់។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលយ៉ាងប្រសើរចំពោះការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ដូច្នេះសូមធ្វើយ៉ាងទាញយកផលឲ្យបាន ធ្វើយ៉ាងណាកុំឲ្យពេលវេលាកន្លងទៅ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អទេក្នុងពេលនេះ។ សូមប្រយ័ត្នគ្រោះកាច ដោយសារមាត់។ សូមជៀសវាងជម្លោះនានាឲ្យបានជាដាច់ខាត។ ការជឿទុកចិត្តមនុស្សដែលមិនសូវស្គាល់ច្បាស់ គឺមិនគួរធ្វើឡើយ។ សូមប្រយ័ត្នថែទាំសុខភាពឡើយវិញ ត្រូវសម្រាកខួរក្បាលឲ្យបានច្រើន។ ទម្លាក់ចោលរឿងតូចតាចគ្មានប្រយោជន៍ ពិសេសសូមកុំបញ្ចេញយោបល់ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ពិសេសមនុស្សនៅក្នុងក្រុមការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ លោកអ្នកមានមនុស្សដែលនៅក្បែរនិន្នា ហើយកំពុងចាំមើលបំណាំផងដែរ ដូច្នេះចូរប្រយ័ត្នខ្លួន និងរក្សាភាពស្ងប់ស្ងាត់។ ទិសភោគផលរបស់អ្នក គឺទិសឧត្តរ ប៉ុន្តែក៏គួរចាប់ផ្តើមការងារទាំងនោះនៅពេលព្រឹកព្រលឹមទើបជាការប្រសើរ ពីព្រោះវានឹងអនុញ្ញាតឲ្យអ្នកមានពេលវេលាគ្រប់គ្រងដើម្បើឆ្លើយតបនឹងស្ថានការ។ មនុស្សដែលគួរជៀសវាងក្នុងការប្រាស្រ័យទាក់ទងគឺមនុស្សដែលធ្លាប់មានបញ្ហានឹងអ្នក ពីព្រោះការជឿទុកចិត្តហាក់ដូចជាមិនសូវទទួលបានផលល្អនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី។ សូមកុំទាន់ព្យាយាមកែប្រែគម្រោងការងារដែលបានត្រៀម និងកំពុងដំណើរការ គួរចំណាយពេលបន្ថែមទៀតសិន។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែភាពស្ងៀមស្ងាត់ ជាជម្រើសតែមួយក្នុងការកែប្រែស្ថានការណ៍។ មន្ទិលសង្ស័យដោយគ្មានហេតុផល គឺជាកង្វល់នៃទំនាក់ទំនងរបស់អ្នក ដូច្នេះចូរកាត់បន្ថយការប្រច័ណ្ឌ និងសង្ស័យប្រសិនជាអ្នកចង់ទទួលបានទំនុកចិត្តពីមនុស្សជុំវិញខ្លួន។ 

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ក្រៅពីនោះលោកអ្នកមានមនុស្សជាច្រើនចាំថែរក្សា និងយឹតយោង។ សូមកុំបោះបង់ឳកាសក្នុងការចាប់យកការងារថ្មីៗ។ កុំពិភាក្សាកិច្ចការងារធំជាមួយមនុស្សឆ្នាំវក ហើយសូមធ្វើទំនាក់ទំនងជាមួយមនុស្សដែលអ្នកមិនស្គាល់ជាក់។ ការធ្វើដំណើរផ្លូវឆ្ងាយសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់។ សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន សូមលោកអ្នកព្យយាមគិតគូរឡើងវិញ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណលើអស្ថេរភាពសម្រាប់សុភមង្គលផ្ទាល់ខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ងងឹតងងល់ណាស់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក សូមអ្នកព្យាយាមដោះស្រាយដោយសន្តិវិធី។ ចំណែកមុខរបរ និងការងាររបស់អ្នកមិនទាន់ទទួលបានភាពជោគជ័យដូចការរំពឹងទុកទេ។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ គួរធ្វើការងារដែលកំពុងមាននៅក្នុងដៃ។ ប្រសិនបើមានផលលំបាកអ្វីសូមកុំបាក់ទឹកចិត្ត អ្វីៗមិន បង្ករបញ្ហាធំដុំនោះទេ។

ចំណាំៈ

ឆ្នាំទាំង៥ ឆ្លូវ ថោះរោង មមី វក រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner