មន្រ្តីនាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងអំពាវ​នាវសារជាថ្មី​​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ក្នុង​កំលុង​ទឹក​ឡើង ​​

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃ​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងបាន​អំពាវ​នាវសារជាថ្មី​ដល់​​ប្រជា​ពល​រដ្ឋ​ឱ្យ​​ប្រុង​ប្រយ័ត្ន​ក្នុង​កំលុង​ពេល​ទឹក​​ឡើង ​ព្រោះ​វា​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​មក​ពី​ពពួក​មេ​រោគ និង​មក​ពី​ប្រភេទ​សត្វ​មាន​ពិស​នា​នា ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​អាយុ​ជីវិត​។

លោក លី សូវ៉ាន់ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងនៃក្រសួង​សុខាភិបាល​ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ ខែ​សីហា​​​ថា ដល់​រដូវ​ដែ​ល​មាន​ជំនន់​កើត​ឡើង ​​ប្រជា​ពល​រដ្ឋ​​អាច​ប្រឈម​នូវ​ជំងឺ​ជា​ច្រើន​ប្រភេទ​ក្នុង​អំឡុង​ពេល​នេះ​ ដែល​​ជំងឺ​ទាំ​ង​នោះអាច​​មាន​ ជំងឺ​គ្រុន​ឈាម គ្រុន​ចាញ់ គ្រុន​ផ្តាសាយ គ្រុន​ក្តៅ និង​ជំងឺ​ឆ្លង​ពី​ចំណី​អាហារ ជំងឺ​អាសន្ន​រោគ​ជា​ដើម​។ 

លោកបាន​​បន្ត​ថា ​​ក្នុង​ករណី​ដែល​ទី​តាំង ភូមិ ឃុំ និង​សហគមន៍​មូល​ដ្ឋាន​ដែល​កំពុង​មាន​ទឹក​ជំនន់ ក៏​តែង​តែ​ប្រឈម​នូវ​ប្រភេទ​សត្វ​មាន​ពិស​ផង​ដែរ។ ដូច្នេះ​សូម​ឱ្យ​ប្រជា​ពល​រដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ប្រភេទ​សត្វ​មាន​ពិស​ទាំង​នោះ វា​តែង​តែ​ឡើង​តាម​ទឹក ហើយ​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​មក​ដល់​អាយុ​ជីវិត ប្រ​សិន​ជា​សត្វ​នោះ​បាន​ចឹក ឬខាំ​​។​

លោក លី សូវ៉ាន់ បញ្ជាក់​ថា​ ​ក្នុង​ករណី​ប្រជា​ពល​រដ្ឋ​ណា​​​ទទួល​រង​ដោយ​សារ​ពស់​ចឹក សូម​បញ្ជូន​គាត់​ទៅ​រក​មណ្ឌល​សុខ​ភាព ឬ​​មន្ទីរ​ខេត្ត ដែល​មាន​ឧបករណ៍​សង្គ្រោះ​បន្ទាន់ ដើម្បី​អាច​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​ដែល​រៀ​ន​បាន​ត្រឹម​ត្រូវ ​និងមានជំនាញ​ធ្វើ​​ការ​ព្យាបាល​ពស់​ចឹក​នេះ។​ប្រសិន​មាន​បញ្ហា​សុខ​ភាព​ណា​មួយ​កើត​ឡើង ដើម្បី​ទទួល​បាន​ការ​ព្យាបាល​​​ទាន់​​ពេល​វេលា​។ម្យ៉ាង​វិញ​ទៀតនៅ​ពេល​មាន​ទឹក​ជំនន់​បែប​នេះ ប្រជា​ពល​រដ្ឋ​មិន​គួរ​យក​ទឹក​ដែល​ជន់​លិ​ច​នោះ យក​មក​បរិភោគនិង​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​បង្ការ សម្លាប់​មេរោគ សម្លាប់​គី​មី ឬ​​មួយ​ក៏​មិន​បាន​ដាំ​ទឹ​ក​ឱ្យ​ពុះ​នោះ​ទេ​។

មន្រ្តីនៃ​ក្រសួង​សុខាភិបាល​រូបនេះ បាន​​ស្នើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ទាំង​ទី​​ទួល​សុវត្ថិ​ភាព និង​ទាំង​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ទឹក​លិច ត្រូវ​តែ​បង្កើន​ការ​ថែ​ទាំ​សុខ​ភាព​ផង​ដែរ ដោយ​ត្រូវ​​ឧស្សាហ៍​​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជា​មួយ​សាប៊ូ ឬ​ទឹក​ស្អាត។ ជា​ពិសេស​ត្រូវ​មាន​អនា​ម័យ​ក្នុង​ការ​បរិ​ភោគ​ចំណី​ណា​ដែល​បាន​ចម្អិន​ឆ្អិន​ល្អ​។

លោក លី សូវ៉ាន់ បន្ថែម​ថា​  បើ​មិន​ចាំ​បាច់​ទេ ​យើង​សុំ​ឱ្យ​គាត់​កុំ​មេត្តា​ដើរ​ឆ្លង​កាត់​ទឹក​លិច​ទាំង​អស់​នោះ ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​យើង​អាច​ឆ្លង​នូវ​ព​ពួក​មេរោគ​ម្យ៉ាង​គេ​ហៅ​ថា លិប​តូ ដែល​វា​ឆ្លង​ចូល​ទៅ​ក្នុង​បាត​ជើង​របស់​យើង នឹង​ធ្វើ​ឱ្យ​យើង​គ្រុន​ក្ដៅ ខូច​តម្រង​នោម ប៉ះ​ពាល់​ដល់​ថ្លើម​ជា​ដើម​។

លោកបានបន្តថា យើង​គួរ​តែ​គេច​ឱ្យ​ផុត។ចៀស​ឱ្យ​ឆ្ងាយ​ពី​កា​រ​ឆ្លង​កាត់​ទឹក​លិច​ហ្នឹង ហើយ​ក៏​ត្រូវ​​ស្វែក​រក​ទី​ទួល​ដែល​មាន​សុវត្ថិ​ភាព​រហូត​ដល់​ទឹក​លិច​ហ្នឹង​ស្រក​ចុះ​វិញ​ទើប​យើង​អាច​ធ្វើ​ដំណើរ​បាន​៕ដោយ៖ជា សុខនី

ads banner