ក្រសួងទេសចរណ៍ណែនាំដល់ប្រតិបត្តិករទេសចរណ៍ ឱ្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារ MICE អាស៊ាន និងវិ ​ញ្ញាបនបត្រ និងស្លាកសញ្ញារង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មសណ្ឋាគារ រមណីយដ្ឋាន និងគោលដៅទេស​ចរណ៍នានាពីនីតិវិធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារ MICE អាស៊ាន និងស្នើសុំស្នើសុំវិញ្ញា​បនបត្រ និងស្លាកសញ្ញារង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ASEAN Sustainable Tourism Award-ASTA) ក្រោមប្រធានបទ «ទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)» លើកទី៤ ឆ្នាំ២០២៤-២០២៥។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយនាថ្ងៃទី១៤ ខែសីហា​ឆ្នាំ២០២៣ បានបញ្ជាក់ថា លេ​ខាធិការដ្ឋានអាស៊ាន នឹងផ្តល់ជូនរង្វាន់ជ័យលាភី ស្តង់ដា MICE អាស៊ាន ចំនួន​៣ ប្រភេទ សម្រាប់ប្រទេសសមាជិកអាស៊ានដែ​លគ្រោងនឹងចែកជ័យលាភី នាឱកាសវេទិកាទេសចរណ៍ អាស៊ាន (ATF) លើកទី៤២ នាអំឡុងខែមករា ឆ្នាំ២០២៤ នៅប្រទេសឡាវ។

ក្នុង​នោះរួមមាន ​ស្តង់ដារ MICE អាស៊ាន «ប្រភេទបន្ទប់ប្រជុំ(Meeting Room)»​ លើកទី៤ ឆ្នាំ២០២៤-២០២៦, ស្ដង់ដារMICE អាស៊ាន «ប្រភេទសាលតាំងពិព័រណ៍(Exhibition Venue)» លើកទី២ ឆ្នាំ២០២៤-២០២៦ និងស្ដង់ដារMICE អាស៊ាន «ប្រភេទសាលរៀបចំព្រឹត្តិការណ៍(Event Venue)» លើកទី១ ឆ្នាំ២០២៤-២០២៦។

ទន្ទឹមនឹងនោះដែរក្រសួងក៏បានជូនដំណឹងពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញារង្វាន់ទេសចរណ៍ប្រក​បដោ​យនិរន្តរភាពអាស៊ាន (ASEAN Sustainable Tourism Award-ASTA) ក្រោមប្រធានបទ «ទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)» លើកទី៤ ឆ្នាំ២០២៤-២០២៥ ផងដែរ។

ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាទាំងពីរ​នេះ ត្រូវធ្វើឡើង៥ដំណាក់កាលដូចគ្នា​ ដោយដំណាក់កា​ល​​ចុងក្រោយ គឺ​ជ័យលាភី​នឹងឡើងទៅទទួលពានរង្វាន់ជ័យលាភីនាឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) លើកទី៤​២ នៅប្រទេសឡាវ។

លោក ហូ វណ្ណឌី​ ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែសីហាថា វេទិកាទេសចរណ៍អា​ស៊ាន (ATF) គឺ​អាស៊ានតែងតែធ្វើឡើងរៀងរាល់មួយឆ្នាំម្តង ដោយក្នុងវេទិការនេះ នឹងមានការប្រគល់វិញ្ញាបនបត្រ និងស្លា​កសញ្ញាស្តង់ដា MICE អាស៊ាន និងវិញ្ញាបនបត្រ និងស្លាកសញ្ញារង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន ដល់ប្រ​តិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មសណ្ឋាគារ រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា រួមទាំងអ្នកសរសេរអត្ថបទ ទាក់ទងនឹងទេសចរណ៍ផងដែរ។

លោកបានបន្ថែមថា ការទទួលវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដារ MICE អាស៊ាន និងវិញ្ញាបនបត្រ និងស្លាកសញ្ញារង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាននេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលមិនត្រឹមតែមុខមាត់របស់ប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មទេសចរណ៍ខ្លួនឯងទេ តែជាមុខមាត់ប្រទេសជាតិផងដែរ។

លោក ហូ វណ្ណឌី បាន​បញ្ជាក់ថា  វិញ្ញាបនបត្រ និងស្លាកសញ្ញារង្វាន់ទេសចរណ៍នេះ សំខាន់ខ្លាំងណាស់ព្រោះថា មិ​នត្រឹមអ្នកស្នើសុំដែលទទួលបានកិត្តិយសនេះទេ តែប្រទេសជាតិក៏មានកេរ្តិ៍ឈ្មោះទៅតាមនោះដែរ។ ប៉ុន្តែមុននឹងអាចបានវិ​ញ្ញាបនបត្រ និងស្លាកសញ្ញារង្វាន់ទេសចរណ៍ ត្រូវឆ្លងកាត់លក្ខន្តិកៈយ៉ាងច្រើន ដែលមិនងាយនឹងទទួលបាននោះទេ។

យ៉ាងណាក៏ដោយ លោក ហូ វណ្ណឌី បានលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មសណ្ឋាគារ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់នៅកម្ពុជាចូលរួមក្នុងព្រឹត្តការណ៍នេះ ដើម្បីកេរ្ត៍ឈ្មោះអាជីវកម្មរបស់ខ្លួនផង និងប្រទេ​សកម្ពុជាផងដែរ៕

ដោយ៖វណ្ណ សុជាតា

ads banner