ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ​ក្នុងពេលនេះ សូមមានភាពរហ័សរហួស ចាប់យកឳកាសទាំងឡាយដែលកើតឡើងចំពោះអ្នក។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ប៉ុន្តែសូមរក្សាអាកប្បកិរិយាឲ្យបានល្អ។ ចូររក្សាចិត្តឲ្យរឹងមាំ អត់ធ្មត់ ហើយដើរចេញពីជម្លោះ ពីព្រោះវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់។ ក្រៅនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការសម្រប និងដោះស្រាយករណីនានា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹង ក៏ព្រោះតែភាពអសកម្មមួយចំនួនដែលកើតឡើងច្រើនស្របគ្នាក្នុងពេលតែមួយ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកក្នុងការកែប្រែស្ថានការណ៍បន្តិច ដូច្នេះសូមបណ្តោយហេតុការណ៍ខ្លះឲ្យរលត់ស្ងប់ទៅវិញ ឬត្រូវបំភ្លេចចោលខ្លះទើបជាការប្រសើរដល់អារម្មណ៍របស់អ្នក។ សូមកុំបារម្ភ ប្រសិនជាអ្នកមិនទាន់ទទួលដំណឹងពីថ្នាក់លើ សូមបន្តកិច្ចការងាជាធម្មតា និងធ្វើអ្វីឲ្យមានភាពទាក់ទាញ។ ក្រៅពីនេះ ធ្វើយ៉ាងណារក្សាភាពត្រឹមត្រូវ និងវិជ្ជាជីវៈជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន និងទទួលបានការជឿទុកចិត្តពីមនុស្សជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចនឹងជួបប្រទះនឹងការផ្លាស់ប្តូរបរិបទការងារជាច្រើនផ្នែក ហេតុដូច្នេះត្រូវមានភាពរហ័ស និងក្តោបក្តាប់ការងារ ក៏ដូចជាស្ថានការណ៍ឲ្យបានល្អប្រសើរ។ ចំពោះលោកអ្នកដែលមានបំណងបណ្តាក់ទុន បង្កើតមុខរបរថ្មី ក៏ដូចជាចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន ដោយមិនមានផលរំខានអ្វីធំដុំនោះទេ។ ប៉ុន្តែអ្វីដែលសំខាន់គឺការព្យាយាម​ និងសម្របទៅតាមស្ថាន ភាពជាជាងការទាមទារតវ៉ា ឬការប្រឆាំងវែកញែក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសថ្មីសម្រាប់រកប្រាក់ចំណូល ប្រសិនបើអ្នកព្យាយាមបន្ថែម និងគ្មានការបាក់ទឹកចិត្ត។ សូមលោកអ្នកបោះបង់ចោលគំនិតអវិជ្ជមាន ក៏ដូចជាការអន្ទោលទៅក្នុងបទពិសោធន៍ក្នុងអតីតកាល ធ្វើបែបនេះអារម្មណ៍លោកអ្នកអាចនឹងត្រូវប៉ះពាល់ធ្ងន់ធ្ងរ ហើយក៏ជះឥទ្ធិពលចំពោះការងារផលដែរ។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ​ ប្រហែលជាថ្ងៃនេះមិនមែនជាពេលវេលាសក្តិសមនោះទេ។ សូម រក្សាបំណងរបស់អ្នកហើយរងចាំឳកាសល្អនាពេលខាងមុខ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរការជាប្រក្រតី ចំណែកផលរំខាន ដែលគួរឲ្យកត់សម្គាល់ គឺគ្មានសញ្ញាណបញ្ជាក់ច្បាស់លាស់នោះទេ។ ដោយឡែកសម្រាប់លោកអ្នកដែលប្រកបអាជីវកម្មសូមប្រុងប្រយ័ត្នបន្ថែមចំពោះការភ្លេចភ្លាំង ឬខកខានក្នុងការបំពេញកិច្ចព្រមព្រៀង ឬការសន្យាណាមួយចំពោះដៃគូរជំនួញរបស់ខ្លួន។​ ប្រសិនបើអ្នកមានផលលំបាកណាមួយ ការពិភាក្សាជាចំណុចសំខាន់ក្នុងពេលនេះ លោកអ្នកក៏មិនបាច់ត្រូវប្រុងប្រយ័ត្នច្រើនពេកចំពោះមនុស្សដែលនៅក្បែរលោកអ្នកដែរ អ្វីៗមានស្ថេរភាពល្អគួរអោយកត់សំគាល់។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរការងារ និងអាជីវកម្មផ្សេងៗនឹងសម្រេចផលយ៉ាងប្រសើរណាស់។ លាភសំណាងអាចនឹងមានពន្លឺនៅរវាងពេលល្ងាច ហើយនឹងត្រូវនាំមកដោយមនុស្សដែលនៅក្បែរលោកអ្នក។ ដោយឡែក ដើម្បីទទួលបានអំណោយផលនេះ សូមលោកអ្នករក្សាចិត្ត​ និងពាក្យសំដី។ ការពិតមួយចំនួនក៏មិនចាំបាច់ត្រូវតែនិយាយចេញទាំងអស់ដែរ ពីព្រោះក្នុងពេលនេះសញ្ញាណនៃការមិនទុកចិត្ត ឬជម្លោះអាចកើតឡើងខ្ពស់ណាស់។ ផ្ទុយទៅវិញ លោកអ្នកអាចមានលទ្ធភាពពេញទីក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួន និងការដោះស្រាយបញ្ហាប្រមូលផ្តុំ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការអចលនទ្រព្យ។ លោកអ្នកដែលធ្វើជំនួញនឹងទទួលបានលាភធំដែលមិននឹកស្មានដល់ ដូច្នេះសូមរីករាយទទួលអំណរក្នុងពេលនេះ។ ក្រៅពីនេះប្រសិនបើអ្នកមានបំណងចង់បណ្តាក់ទុន ធ្វើបង្កើតមុខរបរថ្មី ថ្ងៃនេះនឹងនាំមង្គលដល់អ្នក។ ទន្ទឹមនឹងនេះ លោកអ្នកប្រកបការរដ្ឋ និងឯកជនអាចនឹងសម្រេចរាល់ការងារដែលដាក់ចេញ ព្រមទាំងទទួលបានការជឿទុកចិត្តពីថ្នាកកលើយ៉ងពេញទំហឹងផង ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះ ដើម្បីឈានទៅរកស្ថានភាពល្អដែលអ្នករំពឹងទុក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានានឹងមានដំណើរការទៅជាប្រក្រតី លោកអ្នកអាចនឹងជួបប្រទះនូវការផ្លាស់ប្តូររបត់ការងារខ្លះៗ ប៉ុន្តែមិនធំដុំដល់មានក្តីបារម្ភអ្វីនោះទេ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរការងារបាន ដោយមិនមានអ្វីមកជំទាស់នោះទេ តែដើម្បីរក្សាលំនឹងសូមព្យាយាមឈានជើងបន្ទាប់ពីអ្នកប្រាកដថាការងារថ្មីនោះមានស្ថានភាពប្រកដប្រជាសិន។ ក្នុងពេលនេះ ការខ្វែងគំនិត និងមតិយោបល់រិះគន់គួរតែត្រូវហាមឃាត់ជាដាច់ខាត។ ផ្ទុយទៅវិញ សូមប្រុងប្រយ័ត្នចំពោះសុខភាព រកពេលសម្រាកខ្លះពីព្រោះលោកអ្នកកំពុងទទួលឥទ្ធិពលពីភាពមមាញឹក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ីរបស់លោកកំពុងមានកំរិតរីកចម្រើនខ្លាំង ផលរំខានក៏មិនជួបប្រទះ ហើយការជឿទុកចិត្ត និងទំនុកបម្រុងពីមនុស្សក្នុងក្រុមការងារ ឬដូចជាជំនួញជឿទុកចិត្តគំនិតយោបល់ និងការសម្រេចចិត្តរបស់អ្នកខ្លាំងណាស។ លោកអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបាន ដោយគ្មានផលរំខានអ្វីដែលគួរឲ្យកត់សម្គាល់ទេក្នុងពេលនេះ។ សូមលោកអ្នកបន្តធ្វើការងារទាំងឡាយ ប្រកបដោយគុណភាព នឹងគម្រោងច្បាស់លាស់។ កុំងាយទទួលឥទ្ធិពលពីគំនិតយោបល់ ឬពាក្យសំដីខាងក្រៅខ្លាំងពេក ត្រូវចេះពិនិត្យ ពិចារណាឲ្យបានម៉ត់ចត់ជាទីបំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ។ សូមលោកអ្នកព្យាយាមកែប្រែភាពអវិជ្ជមានតិចតួចក្នុងពេលនេះ ជាចំណុចដែលអ្នកត្រូវកែប្រែ ក៏ដូចជាឆក់យកឳកាសសម្រាប់ភាពរីកចម្រើននៃការងាររបស់អ្នកវិញ។ ច្រានចោលគំនិតទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់លោកអ្នក ត្រូវចងចាំថាលោកអ្នកមានលទ្ធភាពដោះស្រាយរាល់ផលលំបាកនានាដោយវិជ្ជមាន និងងាយស្រួល។ ដោយឡែក លោកអ្នកអាចនឹងអាចទទួលបានដំណឹងរីករាយដែលរំពឹងទុក។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុកផងដែរ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការរៀនសូត្រ ឬការចែករំលែកចំណេះដឹង​ និងបទពិសោធន៍ការងារ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងចំណេះដឹងក្នុងការប្រតិបត្តិការងារ។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ពីព្រោះលោកអ្នកកំពុងក្លាយជាគោលដៅរបស់មនុស្សជាច្រើនរួមទាំងថ្នាក់លើផង។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមយ៉ាងណាបញ្ចៀសពីករណី របស់អ្នកដទៃ ពីព្រោះផលរំខានេះនាំទុក្ខជាពិសេសទៅដល់កិត្តិសព្ទរបស់អ្នក។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខ។ ការខាតបង់ប្រាក់កាស គឺមានកំរិតខ្ពស់​ ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់គម្រោងផែនការ ចំណែកការចាយវាយ ឬទិញរបស់របរចូលក៏មិនជាការប្រសើរដែរក្នុងពេលនេះ។ ក្នុងនោះដែរ ស្ថានភាពអាជីពរបស់អ្នកកំពុងប្រែប្រួល ដូច្នេះសូមពិនិត្យ និងវាយតម្លៃស្ថានភាពជាថ្មី ហើយវាទាមទារបទពិសោធន៍ និងវិជ្ជាជីវរបស់អ្នក។ ទោះបីជាយ៉ាងនេះក្តី សូមព្យាយាមបន្តជានិច្ច មានជំនឿចិត្តខ្ពស់ទៅលើចំណេះជំនាញ និងបទពិសោធន៍របស់អ្នក។ ការតស៊ូ និងជួយជំរុញទៅដល់ភាពរីកចម្រើន និងស្ថេរភាព រឹងមាំ។

ចំណាំៈ

ឆ្នាំទាំង៤ ជូត មមី វក ច រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner