មន្ទីរពេទ្យអន្តរជាតិ អរៀនដា និងនិយ័តករមូលបត្រកម្ពុជា ចុះMOUក្នុងការផ្តល់សេវាសុខាភិបាលឯកជន

ភ្នំពេញ៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា និងនិយ័តករមូលបត្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់និយ័តករមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និង ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ត្រីនិយ័តករមូលបត្រកម្ពុជា និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។

ឧកញ៉ា គួន ធីតា បានឱ្យដឹងថា “ មន្ទីរពេទ្យអន្តរជាតិអរៀនដា ផ្តល់ការពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើនដូចជា ៖ ផ្នែកជំងឺលំបាកមានកូន សម្ភព រោគស្ត្រី កុមារ ជំងឺទូទៅ ជំងឺទឹកនោមផ្អែម ជំងឺសើស្បែក ជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ ផ្នែកជំងឺធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ២៤ម៉ោង និងសេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែក មួយទៀតដែលជាផ្នែកថ្មី និងដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា គឺផ្នែកប្រឆាំងភាពចាស់ ដែលយើងខ្ញុំមានក្រុមគ្រូពេទ្យជំនាញ មកពីបរទេស ដែលនឹងធ្វើការស្វែងរកភាពមិនប្រក្រតី និងអតុល្យភាពក្នុងរាងកាយអ្នកជំងឺ បន្ទាប់មកគ្រូពេទ្យនឹងរៀបចំវីតាមីនទៅតាមអាការៈអ្នកជំងឺ ដើម្បីអោយអ្នកជំងឺមានសុខភាពល្អទប់ស្កាត់ជំងឺ និងកាត់បន្ថយភាពចាស់ ។”

ឧកញ៉ា គួន ធីតា បានបន្ថែមថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យឯកជនធំមួយក្នុងចំណោមមន្ទីរពេទ្យផ្សេងៗ ដែលមានស្តង់ដាអន្តរជាតិពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះតម្លៃបើធៀបទៅនឹងមន្ទីរពេទ្យគូប្រកួតប្រជែង ឬក៏មន្ទីរពេទ្យនៅប្រទេសជិតខាង ហើយអាចធានាបានថានៅទីនេះ តម្លៃគឺសមរម្យជាងគេបំផុត សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុក និងចង់អោយប្រជាពលរដ្ឋទទួលបានសេវាកម្មដែលមានស្តង់ដារអន្តរជាតិនៅក្នុងស្រុកដោយមិនចាំបាច់ ចំណាយច្រើនក្នុងការចេញទៅក្រៅប្រទេស ហើយអាចទទួលយកសេវាកម្មមួយដ៍ល្អ មានសុវត្ថិភាព និងទំនុកចិត្តនៅទីនេះដោយផ្ទាល់។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល បានលើកឡើងថា “ ពិតជាមានសេចក្តីសោមន្សរីករាយណាស់ ក្នុងការសហការជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលជាមន្ទីរពេទ្យឯកជនដ៏ធំមួយមានស្តង់ដារអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ ការសហការនេះ មិនមែនត្រឹមតែផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនសម្រាប់តែនិយ័តករមូលបត្រកម្ពុជានោះទេ គឺសម្រាប់មន្រ្ដីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទាំងអស់តែម្ដង។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ាប្រធានក្រុមប្រឹក្សានៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលបានផ្តល់កញ្ចប់លើសេវាសុខភាព ជូនថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា មន្ត្រី ។

សូមបញ្ជាក់ថា ៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា យើងមានបន្ទប់សម្រាកសរុបចំនួន ១១១បន្ទប់ ហើយអាគារនៃមន្ទីរពេទ្យ អន្តរជាតិអរៀនដា បានសាងសង់ឡើងស្របតាមរចនាបទតាមបែបអាផាតមិន ដើម្បីផ្តល់ជូនអតិថិជនដែលមកពិនិត្យ ព្យាបាល និងសម្រាកមានអារម្មណ៍កក់ក្តៅ ផាសុកភាព ចំណែកឯតម្លៃនៃការសម្រាលកូនដោយធម្មជាតិ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដាយើងខ្ញុំគឺមានតម្លៃចាប់ពី ១០៩៩ដុល្លារតែប៉ុណ្ណោះ ដែលអតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុខភាព ដែលមានវេជ្ជបណ្ឌិតឯកទេសនិងគិលានុបដ្ឋាយិកាជំនាញចូលរួមសម្រាលកូនរហូតដល់០៩នាក់ហើយអតិថិជន និងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ,កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ រាល់ពេលដែលអតិថិជនជាវកញ្ចប់សម្រាលនេះ ៕
ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner