រដ្ឋមន្ដ្រីសុខាភិបាលថ្មីចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដជុំវិញទន្លេសាប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាលក្នុងអាណត្ដិទី៧ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យលទ្ធភាព ជំរុញសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។។

នៅថ្ងៃដំបូងនៃបេសកកម្មឯកឧត្តមរដ្ឋមន្ដ្រី បានចុះពិនិត្យមូលដ្ឋានសុខាភិបាលនៅក្នុងខេត្ដកំពង់ឆ្នាំង ដោយមានមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច មណ្ឌលសុខភាពសាលាលេខ៥ មណ្ឌលសុខភាពតាជេស និងមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង។

ក្នុងដំណើរបេសកកម្មរបស់លោក បានពិនិត្យមើលការរីកចម្រើន និងវឌ្ឍនភាពផ្សេងទៀត រួមទាំងបញ្ហាប្រឈមនានា ដែលមាននៅក្នុងខេត្ដកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ កាន់តែធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ប្រកបដោយសមធម៌។ ជាពិសេសការបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែកៀកប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពងាយស្រួលក្នុងទទួលសេវាថែទាំសុខភាព កាន់តែល្អប្រសើរ។

ឯកឧត្តមបានបញ្ជាក់ថា៖«កិច្ចសហការរបស់អាជ្ញាធរ ជាមួយវិស័យសុខាភិបាល ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបានក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព  សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ»។

លោករដ្ឋមន្រ្តីសុខាភិបាល ក៏បាន​ជំរុញ​ និងលើកទឹកចិត្ត​ ថា្នក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ក្នុងការធានាឱ្យការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជំរុញលើកកម្ពស់គុណភាព​ សុវត្ថិភាព ប្រសិទ្ធភាព​​ ស័ក្តិសិទ្ធភាព និងសមធម៌​ ឱ្យកាន់តែល្អប្រសើរឡើង​ និងគ្រ​ប់ជ្រុងជ្រោយថែមទៀត។

សូមជម្រាបថា បន្ទាប់ពីការសំណេះសំណាលជាមួយនឹងមន្ដ្រីសុខាភិបាលនៅខេត្ដកំពង់ឆ្នាំង លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានបន្ដដំណើរទៅកាន់ខេត្ដពោធិ៍សាត់ នៅថ្ងៃទី២៦ ខែសីហានេះ និងចុះទៅតាមបណ្តាខេត្តនានា នៅជុំវិញតំបន់បឹងទន្លេសាប ដើម្បីបន្តបេសកកម្មការងារជាបន្ដបន្ទាប់ទៀត៕

ដោយ៖ វណ្ណ សុជាតា

ads banner