តំបន់បឹងឈូកនៅក្បែរប្រាសាទបន្ទាយស្រី មានសក្តានុពលខ្លាំងក្នុងការ ទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ តំបន់បឹងឈូកដែលនៅក្បែរប្រាសាទបន្ទាយស្រី មានសក្តានុពលខ្លាំងដោយសារ មានផ្ទៃបឹងធំល្វឹងល្វើយ មានមច្ឆាជាតិសំបូរបែប និងមានព្រៃកោងកាង ដែលបាន បង្កើត នូវ ទស្សនីយភាពដ៏ល្អប្រណិត។ នេះជាការលើកឡើងរបស់ លោក ភួង សាវ៉ុន ប្រធានគណ: កម្មការសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូក ក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្ត សៀមរាប ។

ទាក់ទិន ក្នុងរឿងនេះ លោក ភួង សាវ៉ុន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ៖ តាមរយៈសក្តានុពលនេះ បានជំរុញឲ្យប្រជាពលរដ្ឋ ដែលស្រឡាញ់ធម្មជាតិ ដោយមានការគាំទ្រពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធផងនោះ បានរួមគ្នាបង្កើតនូវសហគមន៍ទេសចរណ៍ធម្មជាតិនេះឡើង ។

លោក បានឲ្យដឹងបន្ថែមថា កាលពីមុនពេលបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូក នៅឆ្នាំ២០១៧ ក្នុងតំបន់នេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់យល់ដឹងអំពីតម្លៃធនធានធម្មជាតិ ពួកគាត់ខ្លះបានចូលទៅកាប់ព្រៃកោងកាង ខ្លះបានចូលទៅនេសាទដោយប្រើប្រាស់ឧបករណ៍មិនសមស្រប និងវិធីសាស្ត្រដោយមិនត្រឹមត្រូវតាមច្បាប់ ធ្វើឲ្យបាត់បង់ធនធានទាំងនោះ។ ប៉ុន្តែចាប់តាំងពីការបង្កើតសហគមន៍ ពួកគាត់បានចូលរួម និងទាញបានផលប្រយោជន៍ពីការជួយការពារតំបន់នេះ។

លោក ភួង សាវ៉ុន បន្តថា “មានប្រជាពលរដ្ឋជាង ២៧០គ្រួសារ ដែលប្រហាក់ប្រហែលជិតមួយពាន់នាក់ដែរ បានចូលរួមបង្កើតសហគមន៍នេះ ហើយយើងបានចងក្រងជាក្រុមដាំបន្លែ ក្រុមនេសាទ និងក្រុមចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ដល់រមណីយដ្ឋានរបស់សហគមន៍។ អ៊ីចឹងពួកគាត់បានទទួលផលប្រយោជន៍ច្រើន ”។

លោក ភួង សាវ៉ុន បន្តទៀតថា “ឥឡូវពួកគាត់មកជួយការពារ គាត់នេសាទត្រឹមត្រូវ គាត់ទទួលបានផលច្រើនជាងមុន អ្នកដាំដុះ អ្នកចិញ្ចឹមក៏អ៊ីចឹងដែរ ពួកគាត់ផលិតបានយកមកលក់ឲ្យសហគមន៍”។

បើទោះជាយ៉ាងនេះក្តី លោក ភួង សាវ៉ុន ក៏បានត្អូញត្អែដែរថា កម្លាំងផលិតរបស់ប្រជាពលរដ្ឋ នៅមិនទាន់ឆ្លើយតប និងតម្រូវការរបស់ទីផ្សារនោះទេ ជាពិសេសការផលិតមាន់ស្រែ ព្រោះថា នៅក្នុងស្រុកបន្ទាយស្រីនេះ មានសហគមន៍ទេសចរណ៍ធម្មជាតិច្រើន ហើយប្រជាពលរដ្ឋពេញនិយមខ្លាំងលើមាន់ស្រែ ។

ក្រសួងបរិស្ថាននាកន្លងមកបានលើកឡើងថា សហគមន៍ទេសចរណ៍ធម្មជាតិ ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអភិរក្សធនធានធម្មជាតិ ដែលមានក្នុងសហគមន៍ ហើយក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ។ជាមួយគ្នានេះដែរវិស័យទេសចរណ៍ ជាអាទិភាពមួយនៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ដោយសារវិស័យនេះជាប្រភពចំណូលថវិកាមិនចេះរីងស្ងួត កាលពីពេលកន្លងទៅ ក្រសួងទេសចរណ៍ បានជំរុញដល់បណ្តារាជធានី ខេត្ត ពិនិត្យលើលទ្ធភាពក្នុងការបង្កើតនូវរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលការណ៍នេះ ជាការជំរុញដល់ការលើកកម្ពស់ផលប្រយោជន៍ កាត់បន្ថយភាពក្រីក្រ ចំពោះប្រជាសហគមន៍នៅតាមមូលដ្ឋាន ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner