កម្ពុជា កំពុងតែយកចិត្តទុកដាក់ខ្លាំង សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់របស់ អង្គការសហប្រជាជាតិ ស្តីពីជំងឺរបេង

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានឱ្យដឹងថា ប្រទេសកម្ពុជា បាននឹងកំពុងតែយកចិត្តទុកដាក់ជាខ្លាំង សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ជាមួយនឹងផែនទីចង្អុលផ្លូវ និងពេលវេលាជាក់លាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចបាននៅគោលដៅ និងការប្តេជ្ញាចិត្តឈានទៅបញ្ចប់ជំងឺរបេងនាឆ្នាំ២០៣០។

ថ្លែងបើកក្នុងកិច្ចសន្ទនាកម្រិតប្រទេសស្តីពីកិច្ចប្រជុំ កម្រិត ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ២០២៣ នាថ្ងៃទី២៩ ខែសីហា ដោយមានការអញ្ចើញចូលរួមពី លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា អះអាងថា កិច្ចសន្ទនាកម្រិតប្រទេសស្តីពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣ នឹងធ្វើការពិភាក្សា និងចែករំលែកនូវបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ជាមួយស្ថាប័នរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងបណ្តាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង (TBpeople Cambodia) ដើម្បីចូលរួមជាយុទ្ធសាស្ត្រក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ ការពិភាក្សាក៏ផ្តោតបង្កើតនូវការប្តេជ្ញាចិត្តកម្រិតប្រទេសយើង ក្នុងការរួមបញ្ចូលយន្តការ ឬអភិក្រមសហគមន៍ សិទ្ធិ និងយេនឌ័រ (CRG) ទៅក្នុងអន្តរាគមន៍អាទិភាពសម្រាប់ឆ្លើយតបជំងឺរបេងជាតិ ជាមួយនឹងការបញ្ជាក់ឡើងវិញនូវតម្រូវការនានា ក្នុងការអំពាវនាវឱ្យបង្កើនការវិនិយោគ និងធនធាន ដើម្បីលើកកម្ពស់ និងបង្កើនការទទួលបានឱសថ ការធ្វើរោគវិនិច្ឆ័យ និងវ៉ាក់សាំងជំងឺរបេង។

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រទេសកម្ពុជាយើងបានបំពេញស្ទើរតែគ្រប់គោលដៅសំខាន់ៗ ជាពិសេសកម្មវិធីជាតិកម្ចាត់ជំងឺរបេង កំពុងតែបានកៀរគរការចូលរួមពីគ្រប់ភាគីពាក់ទាំងអស់ ដើម្បីចូលរួមចំណែក និងគាំទ្រលើការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរ ឆ្ពោះទៅកាន់កកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣(លើកទី១ នៅឆ្នាំ ២០១៨)។

លោក ជួប សុខចំរើន នាយកអង្គការ Khana បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ពិភពលោកបានរកឃើញករណីកើតជំងឺរបេងក្នុង ១ឆ្នាំៗប្រមាណ ១០លាននាក់ ប៉ុន្តែការងារដែលស្រាវជ្រាវរកអ្នកផ្ទុកមេរោគរបេងដើម្បីផ្ដល់ការព្យាបាល គឺមានការថយចុះ ។

ក្នុងរបាយការណ៍ឆ្នាំ២០២២ បានបញ្ជាក់ថា នៅឆ្នាំ២០២១ មានករណីស្លាប់ដោយសារជំងឺរបេងរហូតដល់១,៦០០,០០០នាក់ គឺចំនួនច្រើនជាងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលនេះគឺជាសញ្ញាណមិនល្អនោះឡើយសម្រាប់សុខមាលភាពពិភពលោក។ លោកថា «មានកត្តាច្រើនដែលនាំឱ្យមានការរីករាលដាលជំងឺរបេង ដូចជា អ្នកជំងឺមិនទៅទទួលសេវាព្យាបាល បញ្ហាជីវភាពក្រីក្រ កង្វះអាហារូបត្ថម្ភ ភ័យខ្លាចចំពោះការរើសអើង មិនទទួលបានព័ត៌មានសោះ ឬតិចតួច ឬមិនច្បាស់លាស់មិនគ្រប់គ្រាន់ អ្នកខ្លះយល់ច្រឡំថាជំងឺរបេងជាជំងឺស៊ូពូជ ដូច្នេះកាលណាគាត់ទៅពិនិត្យមើលឃើញមេរោគរបេងក្នុងខ្លួន គាត់បារម្ភខ្លាចគេរើសអើង។ ភាគច្រើននៅកម្ពុជា អ្នកដែលកើតជំងឺរបេងគឺកើតចំពោះ ប្រជាជនក្រីក្រ»៕

រូបវិដេអូ និងអត្តបទ រិន រចនា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner