ភ្នំត្បែងកំពុងតែទាក់ទាញ និង ស្រូបទាញសក្តានុពលទេសចរណ៍ឱ្យចូលទស្សនាកាន់តែច្រើនឡើង

(ខេត្តព្រះវិហារ)៖ ភ្នំត្បែងគឺជាទឹកដីពោពេញទៅដោយ ធម្មជាតិដ៏ស្រស់ស្អាត ដែលក្នុងនេះមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ ប្រកបដោយភាពខៀវស្រងាត់ មានអាកាសធាតុល្អ សត្វព្រៃច្រើនប្រភេទ រួមទាំង កន្លែងតាំងសីលរបស់ព្រះសង្ឃសម័យមុន និង ជាពិសេសជាងនេះទៀតគឺតំបន់ប្រវត្តិសាស្ត្រដែលព្រះរាជាខ្មែរកាលពីសម័យបុរាណបានធ្វើពិធីនានា។

គ្របដណ្ដប់លើផ្ទៃដីជាង២ម៉ឺន៥ពាន់ហិកតា «ភ្នំត្បែង» និង តាមរយៈទេសភាពដ៏ស្រស់ត្រកាល និងបង្កប់ដោយជំនឿដ៏ស័ក្ដិសិទ្ធនេះដែរ បានជំរុញឲ្យភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិមួយនេះ។

លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ស្ថិតនៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានឱ្យដឹងថា៖នៅសហគមន៍របស់លោកមានទីតាំងទឹកធ្លាក់ចំនួនជាង១០កន្លែង មានល្អាងភ្នំ ហើយក្រៅពីនេះក៏មានទីវត្តអារ៉ាមជាទីកន្លែងទាក់ទាញលលើជំនឿសាសនា តំបន់ថ្មបីដុំ តំបន់ថ្មតាំងយូរដែលជាភាពល្បីល្បាញនៃ លោក តាសួងបានមកតាំងសមាធិកាលពីមុនមក។

ប្រធានសហគមន៍រូបនេះបានបញ្ជាក់ប្រាប់ថា៖ពីមួយថ្ងៃទៅមួយថ្ងៃចំនួនភ្ញៀវទេសចរចូលកម្សាន្តភ្នំត្បែងកាន់តែច្រើនឡើង ហើយពិសេសនៅថ្ងៃសៅរ៍អាទិត្យ និងថ្ងៃបុណ្យទានចំនួនភ្ញៀវទេសចរមានការកើនឡើង។សម្រាប់ភ្ញៀវទេសចរមកកម្សាន្តទីនេះមានលក្ខណៈ២បែបគឺទីមួយមកកម្សាន្តសប្បាយរីករាយជាមួយធនធានធនម្មជាតិ និងទី ២មកតាមលក្ខណៈអប្បិយជំនឿដោយក្នុងនេះគេអាចមកដើម្បីបន់ស្រន់ សុំសេចក្តីសុខ សេចក្តីចម្រើនពីព្រោះថាទីកន្លែងនេះគេមានជំនឿយ៉ាងខ្លាំង ទៅលើលោកតាសួងដែលជាអ្នកសច្ចំលើភ្នំត្បែង។

លោក ចាន់ វ៉ាន់ ណូ បានបញ្ជាក់ប្រាប់ដែរថា៖តាមរយៈភ្ញៀវទេសចរនេះបានធ្វើឱ្យប្រជាសហគមន៍អាចរកចំណូលក្នុងការ បម្រើលើសេវាទេសចរណ៍ដូចជាជួយដឹកជញ្ជូនឥវ៉ាន់ភ្ញៀវ ,លក់គ្រឿងភេសជ្ជះ ធ្វើម្ហូបអាហារជូនភ្ញៀវទេសចរជាដើម។ពួកគាត់មាន ចំណូល ប្រចាំថ្ងៃ ធ្វើឱ្យ ជីវភាព គ្រួសារ ធូរធា ជាងមុន ហើយព្រមជាមួយគ្នាក៏បានបញ្ចប់ស្ទើរទាំងស្រុងក្នុងការចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃដូចកាលពីមុនទៀត។

លោក ផាត កក្កដា ជាបុគ្គលិក នៃ អង្គការ អភិរក្ស សត្វព្រៃ (WCS)បានឱ្យដឹងថា៖បច្ចុប្បន្នសត្វព្រៃនៅតំបន់ភ្នំត្បែងត្រូវបានការការពារយ៉ាងម៉តចត់ ដោយក្នុងនេះមានការចូលរួមទាំង ប្រជាសហគមន៍ អាជ្ជាធរមូលដ្ឋានធ្វើឱ្យយើងអាចរក្សាបាននូវសត្វជាច្រើនដូចជា ស្វាម្កុដ ស្វាព្រាហ្ម សត្វកែះ ជ្រូកព្រៃ សត្វពង្រូលនិងសត្វព្រៃផ្សេងៗជាច្រើនទៀត។ក្រៅពីនេះក៏មានសត្វស្លាបច្រើនយ៉ាងនៅពេលធ្វើដំណើរតាមផ្លូវវាបានស្រែកសម្លេងខ្ញៀវខ្ញារដូចបំពេ ឬ តន្រ្តីតាមផ្លូវបានស្តាប់ហើយធ្វើឱ្យយើងទទួលអារម្មណ៍សប្បាយរីករាយ។

លោកបានបញ្ជាក់ថា”សត្វព្រៃទាំងនេះវាបានបង្ហាញខ្លួនម្តងម្កាលដែរនៅពេលអ្នកទេសចរដើរកម្សាន្តតាមព្រៃ។បើយើងទៅគ្នាចំនួនតិចតួចយើងអាចជួបពួកវា តែបើទីគ្នាច្រើនលឺសម្លេងអ៊ូអរវាភ័យខ្លាចមិនហ៊ានមកក្បែរយើងឡើយ”។

កញ្ញា សៀក លី ដែលយុវជនមួយរូបបានមកចូលរួមបោះតង់នៅលើកំពូលភ្នំត្បែងមានជ័យ ដើម្បីកៀរគរឱ្យក្រុមមនុស្សស្រឡាញ់ធម្មជាតិ ស្រឡាញ់បរិស្ថាន និង ពិសេសផ្សព្វផ្សាយតំបន់ទេសចរណ៍សំខាន់ៗដែលជាទីកន្លែងប្រវត្តិសាស្រ្តនៅលើទឹកដីខេត្តព្រះវិហារនាថ្មីៗមកនេះបានប្រាប់ថាកញ្ញាពិតជារំភើបនូវទេសភាពព្រៃភ្នំតំបន់នេះ ហើយកញ្ញាចង់ឱ្យអ្នកទេសចរចូលកម្សាន្តកាន់តែច្រើនឡើងថែមទៀត។

មិនខុសគ្នានេះលោក ហ៊ុយ គឹមហេង បានឱ្យដឹងថា៖មានយុវជនច្រើនណាស់នាពេលបច្ចុប្បន្នដែលបានស្រឡាញ់ការដើរកម្សាន្តបែបទេសចរណ៍ព្រៃភ្នំ។ហេតុនេះហើយលោកចង់ឱ្យយុវជនចូលរួមផ្សព្វផ្សាយក៏ដូចជាចូលរួមអភិវឌ្ឍន៍សហគមន៍របស់យើង។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងប្រាប់ថា ទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានជំរុញឱ្យមានការស្រឡាញ់ធម្មជាតិ និងស្រឡាញ់ទឹកដី។ជាមួយគ្នានេះទេសចរណ៍ផ្សារភ្ចាប់ទឹកដីបានលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដោយក្នុងនោះប្រជាសហគមន៍បានទទួលនូវផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់អភិវឌ្ឍន៍ជីវភាពក៏ដូចជាអភិវឌ្ឍន៍មូលដ្ឋាន។ ចំណូលដែលជាវិស័យទេសចរណ៍ក្នុងស្រុកមួយភាគធំ និងទេសចរបរទេសបានស្គាល់ទឹកដីកម្ពុជា បានស្គាល់តំបន់ធនធានធម្មជាតិកម្ពុជាបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner