រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តជំរុញមន្រ្តី និងបុគ្គលិក ពង្រឹងការផ្តល់សេវាសុខាភិបាលសាធារណៈ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា បានស្នើនិងជំរុញថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ បង្កើនប្រសិទ្ធភាពការងារតទៅមុខទៀត ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ សំដៅធានាឱ្យបាននូវ គុណភាព និងសុវត្ថិភាព។

ការស្នើនេះ ធ្វើឡើងក្នុកំលុងពេលអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ បុគ្គលិកទាំងអស់ នៅទីស្តីការក្រសួងសុខាភិបាល កាលពីថ្ងៃទី​៣១​ខែសីហា ឆ្នាំ ២០២៣ ។

នាឱកាសនោះឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ តាមអគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យនានា នៅទីស្តីការក្រសួងសុខាភិបាល ដែលបានខិតខំបំពេញកាតព្វកិច្ចការងារបម្រើជូនជាតិ និងប្រជាពលរដ្ឋ តាមរយៈស្ថាប័នខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់ និងបន្តខិតខំដោយឥតសំចៃក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាល តាមជំនាញរបស់ខ្លួន ឱ្យកាន់តែរីកចំរើន និងកាន់តែប្រសើរឡើង។

បន្ថែមពីនេះឯកឧត្តមស្នើថា៖«សូមថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិកទាំងអស់ បន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពការងារតទៅមុខទៀត ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ ធានាឱ្យបាននូវ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌»។

គួរជម្រាបជូនថា ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលដែលទើបចូលកាន់តំណែងថ្មី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅខេត្តកំពង់ឆ្នាំង និងនៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យលទ្ធភាព ជំរុញសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕

ដោយ៖ សុខ រក្សា

ads banner