រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា តទៅនឹងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស នៅតាមសាលារៀន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តម អ៊ាង សុផល្លែត បានប្រកាសដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយសិស្សានុសិស្ស នៅតាមសាលារៀន។

តាមរយៈយុទ្ធនាការនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានថ្មីរូបនេះបញ្ជាក់ថា៖យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា តទៅ ដែលផ្តើមដំបូងនៅតាមសាលារៀនទាំង៤៤ កន្លែង ដែលមានសិស្សសរុបជាង១៨០០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ” ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំណូមពរដល់ប្អូនសិស្សានុសិស្សទាំងអស់គ្នា ចូលរួមៗក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទាំងអស់គ្នា “ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង” ។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា ជាពិសេសសិស្សនានុសិស្ស នៅអនុវិទ្យាល័យ ហ៊ុន សែន ទួលសុភី ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រកាសប្តេជ្ញាចិត្តចូលរួម ក្នុងយុទ្ធនាការនេះ និង បានសន្យាមិនប្រើថង់ប្លាស្ទិកជាដាច់ខាត។

សូមបញ្ជាក់ថា កំណើនប្រជាជន និងការលូតលាស់សេដ្ឋកិច្ច យ៉ាងឆាប់រហ័ស បាននាំឱ្យបរិមាណ សំណល់មានការកើនឡើងយ៉ាងខ្លាំង។ នៅរាជធានីភ្នំពេញ សំណល់សំរាមជាង ៣ ៥០០តោន ត្រូវបានបង្កើតឡើង ជារៀងរាល់ថ្ងៃ ដែលក្នុងនោះ ២០% ជាប្លាស្ទិក។ ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា។

នាកន្លងមក ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ បានអនុវត្តការលើកកម្ពស់វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ពីវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។

រាជរដ្ឋាភិបាល បានបង្កើតច្បាប់ បទដ្ឋានគតិយុត្ដជាច្រើន ក្នុងនោះក្រមបរិស្ថាន បានប្រកាសឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ដែលមានវិសាលភាពគ្របដណ្ដប់ លើការងារពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយការធ្វើសមាហរណកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធដែលមានស្រាប់។

រាជរដ្ឋាភិបាល បានដាក់ចេញ អនុក្រឹត្យលេខ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានគោលបំណងបង្កើនប្រសិទ្ធភាព លើការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាព។ ដើម្បីចូលរួមការពារ ពង្រឹងការគ្រប់គ្រងបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សិស្សានុសិស្សនៅតាមសាលារៀន អាចចាប់ផ្តើម នូវការចូលរួមសកម្មភាពជាក់ស្តែង ដូចមានការលើកឡើងថា «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ស្ទិក»៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner