ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់ចំពោះ ពត៌មានដែលទាក់ទងនឹងបញ្ហាផ្លូវការ។ ប្រហែលជាលោកអ្នកអាចមានគ្រោះ នៃការបាត់ បង់ពត៌មានលម្អិតសំខាន់មួយចំនួននៅកន្លែងធ្វើការ។ ដូច្នេះសូមប្រុងប្រយ័ត្ន ពិនិត្យពិច័យ ឲ្យបានច្រើន រក្សាការសំខាន់ និងកុំងាយជឿជាក់មនុស្សដែលអ្នកទើបស្គាល់។ លើសពីនេះ សូមគ្រប់គ្រងចិត្ត ធ្វើយ៉ាងណាកុំលាយឡំបញ្ហាចូលគ្នា។ ទន្ទឹមនឹងនេះ សូមកំណត់កិច្ច ទំនាក់ទំនងឲ្យស្ថិតនៅក្នុងរង្វង់តូចចង្អៀត ហើយបើអាចធ្វើបានកុំចូលទៅពាក់ព័ន្ធនឹងការ ពិភាក្សា ដែលតម្រូវឲ្យមានការសម្រេចចិត្ត។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់នឹង ការល្បួង។ ប្រហែលជាសេចក្តីស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍ដ៏រស់រវើកក្នុង ជីវិតរបស់អ្នក ប៉ុន្តែទំនងជាវានឹងធ្វើឲ្យរារាំងជំហានដ៏រីកចម្រើនរបស់ការងារទៅវិញ ដូច្នេះ សូមរក្សា និងកំណត់ទំនាក់ទំនងមិនឲ្យលាយឡំនឹងការទទួលខុសត្រូវក្នុងការងារ។ ក្នុងនោះ ដែរ យកល្អសូមកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រង បាន ឬគួរកុំធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។ ក្រៅពីនេះសូមលោកអ្នករក្សាកំលាំងធ្វើយ៉ាង ណាគួរ បំពេញការងារឲ្យមានតុល្យភាព។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ សូមលោកអ្នកធ្វើការទទួលខុសត្រូវនូវរាល់ការងារទាំងឡាយ របស់ខ្លួន។​ ចាកចេញពីបញ្ហាទាំងឡាយរបស់អ្នកដទៃ បើទោះបីជាអ្នកយល់ឃើញថាគួរ យ៉ាងណាក៏ដោយ។ ពីព្រោះករណីទាំងនោះមានតែនាំទុក្ខច្រើនជាងនាំសេចក្តីសុខ។ ចំពោះ ទំនាក់ទំនងជាមួយនឹងមិត្តរួមការងារ ថ្នាក់លើ និងអាជ្ញាធរត្រូវមានភាពត្រឹមត្រូវ រក្សាដែន របស់ខ្លួនទើបល្អប្រសើរជាង។ ក្នុងកាលទេសខ្លះអ្នកក៏អាចនឹងត្រូវបានក្លាយជាអ្នកដឹកនាំ ក្រុមក៏ល្អប្រសើរផង ដូច្នេះសូមប្រើប្រាស់ពេលវេលាអោយបានល្អ ហើយការអនុវត្តការងារ សូមមានភាពស្មោញត្រង់ និងអត់ធ្មត់។

 ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះព្រឹត្តិការណ៍ដែលមិនរំពឹងទុកជាច្រើន នឹងកើតឡើងចំពោះលោកអ្នក។ អ្នកអាចឃើញថាខ្លួនឯងស្ថិតនៅក្នុងស្ថានភាពដែលមិន បានរំពឹងទុក ប៉ុន្តែកុំប្រញាប់ព្រួយបារម្ភអ្វីឡើយ ការផ្លាស់ប្តូរទាំងអស់គឺសម្រាប់ភាពល្អ ប្រសើរជាងស្ថានភាពបច្ចុប្បន្ននេះ។ កុំដាក់បន្ទុកខ្លួនឯងដោយការគិតមិនចាំបាច់ គឺគួរមាន ការជឿជាក់ទៅលើខ្លួនឯងអោយបានច្រើន។ ក្រៅពីនេះរាល់ឧបសគ្គដែលនឹងអាចកើត ឡើង គឺត្រូវបានជួយដោះស្រាយ ហើយនាំត្រឡប់មកវិញនូវសុខសុភមង្គល។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះផលរំខានចំពោះកិច្ចការងារ និងអាជីវកម្មអាចនឹងកើតឡើងច្រើន ជាពិសេសទាក់ទាក់នឹងការធ្វើទំនាក់ទំនងជាមួយមនុស្សរួមការងារ។ វានឹងប្រសើរជាងមុន ប្រសិនបើអ្នកផ្លាស់ប្តូរទម្លាប់ប្រតិបត្តិការងារខ្លះ។ ក្នុងនោះដែរ ត្រូវចងចាំថាអ្នកគួរតែខិតខំបំពេញការងារ និងបញ្ចប់ការងារដែលស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ខ្លួនឲ្យអស់។ ក្រៅពីនេះ ចំពោះរឿងរ៉ាងនានារបស់អ្នកដទៃមិនគួរយកខ្លួនទៅ បៀតនោះទេ ពីព្រោះគោលបំណងរបស់អ្នក​នឹងមិនត្រូវបានយល់ដឹងនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី។ ប៉ុន្តែសូមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ ក្នុងនោះសូមព្យាយាមធ្វើការទំនាក់ទំនងជាមួយថ្នាក់លើ ពីព្រោះលោកអ្នកហាក់កំពុងឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់ និងការកត់សម្គាល់នៅក្នុងកន្លែងការងារ។ សម្រាប់អាជីវករ សូមលោកអ្នករក្សាភាពស្ងៀមស្ងាត់ រក្សាពាក្យសំដី តែខំប្រឹងអនុវត្តផែនការជានិច្ច។ ក្នុងនោះដែរ ដាច់ខាតកុំធ្វើការសន្យាលើហេតុការណ៍ ឬរឿងរ៉ាវទាំងឡាយដាច់ខាត ពីព្រោះវាជាអន្ទាក់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចធ្វើការទំនាក់ទំនង ចរចា ឬពិភាក្សាកិច្ចការងារតូចធំទាំងឡាយប្រកបដោយភាពជោគជ័យ។ លោកអ្នកអាចនឹងទទួលបានដំណឹងនៃការចាកចេញសម្រាប់ការងារដែលអ្នកកំពុងអនុវត្ត ដូច្នេះសូមរៀបចំទុកជាស្រេច។ ដោយឡែក លោកអ្នកអាចមិនមានពេលវេលាច្រើនប៉ុន្មាននោះទេ ដូច្នេះការគ្រប់គ្រងការងារអាទិភាពមានសារសំខាន់ខ្លាំងណាស់នាពេលនេះ។ ក្រៅពីនេះ លោកអ្នក មានអំណោយផលបំផុតសម្រាប់ការបោះជំហានថ្មី រួមនឹងការប្រើប្រាស់លុយកាក់នានា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយនឹងអាចដំណើរការទៅរលូន។ លោកអ្នកមិនចាំបាច់ត្រូវបារម្ភអ្វីឡើយ ពីព្រោះមានមនុសផ្ទុយភេទ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នករងចាំជួយជ្រោមជ្រែង។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចទទួលបានការតម្លើងឋានៈ និងកំរិតហិរញ្ញវត្ថុទៀតផង។ ប៉ុន្តែសូមលោកអ្នករក្សាការគិតរបស់ខ្លួនឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបានជាដរាប ការទទួលយកពាក្យសំដីរបស់មនុស្សជុំវិញខ្លួនច្រើនពេកនឹងអាចរំខានចិត្តរបស់អ្នកខ្លាំង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពអាជីពរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរ សូមចំណាយពេលរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទៅមុខទៀត។ ហើយការខំប្រឹងប្រែងបញ្ចប់ការងារឲ្យរួចរាល់គឺមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែការស្នាក់នៅយូរពេកក្នុងការិយាល័យក៏មិនមែនជាជម្រើសដ៏ល្អរបស់អ្នកដែរ។ ក្នុងថ្ងៃនេះសូមកុំខ្លាចក្នុងការ ចាប់យកឳកាសថ្មីៗ ព្រោះស្ថានភាពថ្មីនេះនឹងអាចក្លាយជាមូលដ្ឋានសម្រាប់ភាពរឹងមាំនៃ អាជីព។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាកលើស្ថានភាពការងារ។ ក្នុងនោះដែរ រាល់ការរំពឹងទុកនានានឹងធានាថាទទួលបានជោគជ័យយ៉ាងពិតប្រាកដណាស់ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភពេកនោះទេ។ ប៉ុន្តែប្រការចាំបាច់ដែលអ្នកគួរយកចិត្តទុកដាក់គឺទាក់ទងនឹងការសម្រេចចិត្ត សូមព្យាយាមគិតគូរឲ្យបានម៉ត់ចត់ ហើយជៀសវាងភាពប្រញាប់ប្រញាល។ ផ្ទុយពីអំណោយផលនេះ សូមលោកអ្នកប្រុងប្រយ័ត្នក្រែងមានការយាយីខ្លះទាក់ទងនឹងសុខសុវត្ថិភាព។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធានាថាទទួលបានភាពជោគជ័យទាំងអស់សម្រាប់រាល់ការងារ ផែនការ ក៏ដូចជាដើមទុនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផែនការសកម្មភាពរបស់អ្នកទទួលបានការគាំទ្រច្រើន ដែលនេះជាចំណុចល្អសម្រាប់ឲ្យអ្នកឆក់ឳកាសសម្រាប់ស្ថេរភាពអាជីពយូរអង្វែង។ ដោយឡែក ប្រការគួរជៀសវាង គឺការដើរចោលការងារព្រោះការមិនទុកចិត្តលើខ្លួនឯង ការមើលស្រាលពេលវេលា។ ក្នុងរយៈពេល នេះលោកអ្នកអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវល្អប្រសើរ ដូច្នេះសូមកុំមានការព្រួយ បារម្ភ។

ឆ្នាំកុរ​        

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារចាស់ថ្មីរបស់អ្នកអាចដំណើរការ ទៅបានដោយគ្មានផលរំខានណាមួយជះឥទ្ធិពលទៅលលទ្ធផលនោះទេ។ អ្នកតែងតែអាច ដោះស្រាយវាបានដោយងាយស្រួលណាស់។ ក្នុងថ្ងៃនេះប្រហែលជាពេលវេលាហាក់ខ្សត់ ខ្សោយសម្រាប់អ្នកបន្តិច ដូច្នេះសូមជ្រើសរើសការងារនាជាអាទិភាពដើម្បីបំពេញជាមុន។ កុំចំណាយពេលនិយាយលេងសើច ឬសម្រាកយូរពេក។ លើសពីនេះ ប្រហែលជាអ្នកគួរ រក្សាការសំងាត់កិច្ចការងារ កុំទុកចិត្តមនុស្សដោយងាយខ្លាំងពេក។

ចំណាំៈ

ឆ្នាំទាំង៣ មមី រកា ច រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner