ជំនឿ ទៅលើអ្នកសច្ចំភ្នំត្បែង”លោកតាសួង “បានទាក់ទាញឱ្យភ្ញៀវទេសចរចូលកម្សាន្តតំបន់បេតិកភណ្ឌភ្នំត្បែងកាន់តែច្រើន

(ខេត្តព្រះវិហារ) ៖ តាមរយៈជំនឿទៅលើអ្នកសច្ចំភ្នំត្បែងដែលជាទីល្បីឈ្មោះគឺ លោក តាសួង ឬ អ្នកខ្លះហៅថាលោកឪសួង ឬ ទេវតា ដើរដី នោះកំពុងបានស្រូបទាញបន្ថែមទៀតលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌភ្នំត្បែង ក្នុងទឹកដី ខេត្ត ព្រះវិហារ។

ដោយសារសម្រស់ធម្មជាតិ ផ្គួបផ្សំនឹងតាមរយៈជំនឿបានធ្វើឱ្យតំបន់បេតិកភណ្ឌភ្នំត្បែងកាន់តែលេចត្រដែតជាទីល្បីឈ្មោះក្នុងស្រទាប់ អ្នកទេសចរ ទាំងក្នុងស្រុក និង បរទេសមួយចំនួនផង។ក្នុងដំណើរកម្សាន្តទៅកន្លែងនេះគេអាចទស្សនាព្រៃភ្នំ ពោរពេញ ទៅដោយ ធម្មជាតិដ៏ស្រស់ស្អាត ដែលក្នុងនេះមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ ប្រកបដោយ ភាពខៀវស្រងាត់ មានអាកាសធាតុល្អ សត្វព្រៃជាដើម។ក្រៅពីនេះក៏នៅមានអាស្រម រួមទាំង កន្លែងតាំងសីលរបស់ព្រះសង្ឃសម័យមុនៗ និង ជាពិសេសកន្លែងអ្នកសច្ចំភ្នំត្បែង លោក តាសួង ត្រូវបានគេរៀបចំស្ទើរគ្រប់កន្លែងតាំងពីជើងភ្នំរហូតដល់កំពូលភ្នំ។ភ្ញៀវទេសចរអាចចូលបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនរៀងៗខ្លួន។

ព្រះចៅធិការ តូច ស្រួច គង់នៅ វត្ត តាំងយូរ លើភ្នំត្បែងបានមានសង្ឃដីការឱ្យដឹងថា៖នៅត្រង់វត្តតាំងយូរនេះតែងមានពុទ្ធបរិស័ទដែលជាអ្នកមានជំនឿ ចេញចូលអត់សូវចេះដាច់ទេ។អ្នកមកកាន់វត្តនេះភាគច្រើនណាស់តែងជឿទៅលើបារមីសក្តិសិទ្ធរបស់ លោក តាសួង។ពួកគេតែងបន់ស្រន់តាមរូបសំណាក លោក តាសួង ហើយមានភាពសក្តិសិទ្ធច្រើនគ្នា ធ្វើឱ្យក្លាយជាកន្លែងជំនឿមួយយ៉ាងពេញនិយម។

ព្រះចៅអធិការរូបនេះបានមានសង្ឃដីការផងថា”កន្លែង លោក តា សួង បានមកតាំងសមាធិធម៌នោះមានច្រើន ហើយបច្ចុប្បន្នទីកន្លែងទាំងនេះក្លាយជាទីគោរពបូជាពីសំណាក់ពុទ្ធបរិស័ទសឹងទាំងអស់។

លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ស្ថិតនៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានឱ្យដឹងថា៖នៅលើភ្នំត្បែងគឺកន្លែងទឹកដីត្រូវបានគេចាត់ទុកថាសក្តិសិទ្ធ និងជាតំបន់ទេសចរណ៍កំពុងពេញនិយម។ទីកន្លែងនេះមនុស្សប្រុសស្រីក្រៅអំពីមកកម្សាន្តសប្បាយហើយ នៅជាកន្លែងដែលគេគោរពបូជាទៀតផង។

លោកថានៅសហគមន៍កន្លែងនេះមានទីតាំងទឹកធ្លាក់ចំនួនជាង១០កន្លែង មានល្អាងភ្នំ ហើយក្រៅពីនេះក៏មានទីវត្តអារ៉ាមជាទីកន្លែងទាក់ទាញលលើជំនឿសាសនា តំបន់ថ្មបីដុំ តំបន់ថ្មតាំងយូរដែលជាភាពល្បីល្បាញនៃ លោក តាសួងបានមកតាំងសមាធិកាលពីមុនមក។

អ្នកនាង ស្រី ណុច ដែលជាពុទ្ធបរិស័ទមួយរូបមកដល់វត្តតាំងយូរបានប្រាប់ឱ្យដឹងថា៖នៅលើភ្នំត្បែងនេះពិតជាអស្ចារ្យពីព្រោះថាក្រៅអំពីមានតំបន់ ទេសចរណ៍ដូចជាទឹកធ្លាក់ ព្រៃឈើ និងទេសភាពល្អៗគ្មានគូប្រៀបហើយ នៅមានទីកន្លែងគោរពបូជា ពិសេស លោកតា សួង ឬហៅថាទេវតា ដើរដី សម្រាប់អ្នកមានជំនឿមកបន់ស្រន់ សុំ សេចក្តីសុខ សេចក្តី ចម្រើនថែមទៀត។

អ្នកនាង ម៉ារី ស្រ្តីមួយរូបទៀតដែលចូលមកបន់ស្រន់នៅវត្តតាំងយូរបានប្រាប់ដែរថា៖ទីកន្លែងនេះពិតជាពិសេសសម្បូរទៅដោយធនធានធម្មជាតិ និងបង្កប់ទៅដោយសាសនាដែលចូលមកដល់ហើយពិតជារំភើបគួរឱ្យស្ញប់ស្ញែង។

គួរបញ្ជាក់ថា ទោះលោកតាសួង ឬ ជនជាតិ ថៃ ហៅថា លោក តាឪ បានសុគតជាង២០ឆ្នាំហើយក្តី ប៉ុន្តែបុណ្យបារមី ដែលមានជំនឿទៅលើអ្នកសច្ចំលើភ្នំត្បែងរូបនេះនៅតែល្បីរន្ទឺកាន់តែខ្លាំងក្លាឡើង។ លោកតាកើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ក្នុងត្រកូលកសិករនៅភូមិគូលែនជើង ឃុំ គូលែនជើង ស្រុក គូលែន ខេត្ត ព្រះវិហារ។លោកតាសួង បានសុគតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០០០នៅ វត្តព្រៃផាណាថា ស្រុក ភូស៊ីញ ខេត្តស៊ីសាកេតប្រទេសថៃ ក្នុងព្រះជន៧៦ព្រះវស្សា។

លោកតាសួង ជាអ្នកសច្ចំភ្នំត្បែង ហើយប្រជាពលរដ្ឋមានជំនឿថា តែងតែជួយថែរក្សាភូមិស្រុកឲ្យមានក្តីសុខ។បើទោះបីរហូតមកដល់ពេលនេះលោកតាសុគតហើយក្តី ប៉ុន្តែភាពល្បីល្បាញផ្នែកមន្តអាគម និង យន្តរបស់គាត់នៅតែសក្តិសិទ្ធ ពិសេសនោះគឺយន្តខ្លែងឯកខ្មែរតែម្តង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner