អាមេរិក​ជួយកម្ពុជា នាំយក​វត្ថុបុរាណខ្មែរ​ចំនួន​៣៣ ត្រឡប់មកកាន់ប្រទេសកំណើតវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជានឹងទទួល​ត្រឡប់មកវិញ​នូវសមុច្ច័​យវត្ថុបុរាណខ្មែរដ៏ល្អឯកចំនួន​៣៣​ បន្ទាប់​ពី​មានការព្រមព្រៀង​ប្រ​គល់មកប្រទេសកំណើតវិញ​ពីសំណាក់គ្រួសារ​មួយនៅ​សហរដ្ឋអាមេរិក។ក្រសួងវប្បធម៌បានបញ្ជាក់ថា នេះ​ជាលទ្ធផល​នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

យោងតាម​សេចក្តី​​ជូនព័ត៌មាន​របស់​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​នៅថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ឱ្យដឹងថា​សមុច្ច័​យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀតនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។  ​​ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់​គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពលភាពកាលខែសីហា​ ឆ្នាំ២០២៣ថ្មីៗនេះ។

សេចក្តីជូនព័ត៌មានបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក  (USAO-SDNY និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ  (HSI) បានឈានដល់កិច្ច ព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។

វត្ថុបុរាណទាំងនោះរួមមាន៖ បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជាភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ។

យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជាប្រាសា​ទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុដែល ប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធ្ឬស្ថទ្យុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែល មានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​កោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់ កម្ពុជាដែលខ្លួនកំ​ពុងកាន់កាប់ ​បានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់។

លោកជំទាវមានប្រសាសន៍ថា ៖ «ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និង អ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់ជូនដំណឹង ដើម្បីបន្តប្រគល់មកវិញនូវសម្បត្តិវប្បធម៌ជាតិ របស់យើង»។

រដ្ឋមន្រ្តីក្រសួង​វប្បធម៌ បានបង្ហាញ​​សេចក្តីរំភើបក្រៃលែង ដែលស្នាដៃដ៏ល្អឯកទាំងនេះត្រូវបានប្រគល់មកវិ​ញ បន្ទាប់ពីកិច្ច​សហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងអស់រយៈពេលជាងបីឆ្នាំមក។

​​លោកជំទាវបានបញ្ជាក់ថា ៖ «ការបញ្ជូនត្រឡប់មកវិញនេះ បង្ហាញជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតា ដែលបានចាកចេញពីមាតុភូមិកន្លងមក។ ខ្ញុំក៏សូម​ថ្លែងអំណរគុណដល់គ្រួសារ Lindemann ដែលបាន សម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការប្រគល់ស្នាដៃដ៏ល្អឯកទាំងនេះត្រឡប់មកកម្ពុជាវិញ»​។​

ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិ បេតិកភណ្ឌវប្បធម៌ទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះ​ផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជន កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​​ពីក្រសួងយុត្តិធម៌អាមេរិក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២៣ បាន​លើកឡើងថា វត្ថុបុរាណទាំងនេះ​ត្រូវបានប្រគល់មកកម្ពុជាវិញនៅថ្ងៃទី​១១ ខែកញ្ញា ​ហើយពិធីអបអរសាទរការធ្វើមាតុភូមិនិវត្តន៍​នឹង​ធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅពេលក្រោយ។

មេធាវីអាមេរិក លោក Damian Williams បានថ្លែងតាមរយៈសេចក្តីប្រកាសថា ៖ «អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ កម្ពុជាបានរងគ្រោះក្រោមកណ្ដាប់ដៃរបស់ពួកឈ្មួញជួញដូរវត្ថុសិល្បៈដែលគ្មានសីលធម៌ និងពួកចោរលួច ដែលបានជួញដូរទ្រព្យសម្បត្តិវប្បធម៌ទៅកាន់ទីផ្សារសិល្បៈអាមេរិក»។

លោកបន្តថា​ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ កំណត់ក្របខ័ណ្ឌសម្រាប់ការបញ្ជូនត្រឡប់មកវិញនូវវត្ថុវប្បធម៌ ដើម្បីគាំទ្រដល់អនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងកម្ពុជា​ ហើយលោកក៏​សូមអរគុណដល់ក្រុមគ្រួសារ Lindemann សម្រាប់កិច្ចសហប្រតិបត្តិការ និងជំនួយរបស់ពួកគេ ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណទាំងនេះមកកម្ពុជាវិញ៕

ដោយ៖នាង សុគន្ធា

ads banner