លួចកាំភ្លើងប៉ូលិសក្រសួងមហាផ្ទៃ និងទូរសព្ទដៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាជនប្រើប្រាស់គ្រឿងញៀន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីបានធ្វើសកម្មភាពលួចយកកាំភ្លើងប៉ូលិសក្រសួងមហាផ្ទៃ និងទូរសព្ទដៃ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ នៅផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មៀច ចន្ធូ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនគរបាលក្រសួងមហាផ្ទៃ ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ប៊ុន រដ្ឋា ហៅតួ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុជនរងគ្រោះទុកអាវុធខ្លីម៉ាក CF-៩៨ លេខ ០០៥៨៨៤ និងទូរសព្ទដៃមួយគ្រឿង ម៉ាក iPhone ពណ៌ស ទុកនៅក្នុងថតតុ ផ្ទះកើតហេតុ ដោយពុំបានចាក់សោទ្វារបន្ទប់ទេ រួចចេញទៅមើលកម្មករធ្វើការនៅខាងក្រៅ។ ស្រាប់តែជនសង្ស័យដើរចូលក្នុងផ្ទះជនរងគ្រោះ លួចអាវុធខ្លី និងទូរសព្ទដៃ រួចគេចខ្លួន។

លុះដល់ថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង១៧ល្ងាច សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងដកហូតអាវុធខ្លីមួយដើម បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធីច្បាប់។ ជុំវិញបញ្ហានេះ លោក ម៉ៅ សឿត អធិការងនគរបាលខណ្ឌច្បារអំពៅ ថ្លែងថា សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ធ.ដ

ដោយ៖ ឆាយានាថ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner