ក្រសួងអប់រំចេញសេចក្តីណែនាំស្តីពីការបិទបញ្ចប់ឆ្នាំសិក្សា ២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២៣-២០២៤

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៣បានចេញសេចក្តីណែនាំមួយស្តីពីការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។

ក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្តីណែនាំរបស់ខ្លួនថា៖ឆ្នាំសិក្សា២០២២-២០២៣ បានចាប់ផ្ដើមកាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈ ប្រកបដោយប្រសិទ្ធភាព និងត្រៀមលក្ខណៈសម្រាប់បើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៣-២០២៤ ក្រសួង អប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ បុគ្គលិកអប់រំ អាជ្ញាធរដែនដី ដូចខាងក្រោម៖
ឆ្នាំសិក្សា២០២២-២០២៣ នឹងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហេតុនេះគណៈគ្រប់គ្រងសាលា ត្រូវរៀបចំការប្រឡងឆមាសទី២ និងប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ នៅមុនដំណាច់ ឆ្នាំសិក្សា ២០២២-២០២៣។គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្ដើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់កុមារដែលមានអាយុ ៦ឆ្នាំ ឬ៧០ខែ (យ៉ាងតិចគិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣) និងសិស្សដែលឆ្លងភូមិសិក្សាពីថ្នាក់ទី៦ ទៅទី៧។ រៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ការសិក្សា សិស្សផ្ទេរចូលសម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសហការនិងគាំទ្រពីគណៈកម្មការទ្រទ្រង់/គ្រប់គ្រងសាលារៀន អាជ្ញាធរដែនដី មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។

ក្រសួងបញ្ជាក់ដែរថាឆ្នាំសិក្សា២០២៣-២០២៤ គ្រោងនឹងបើកបវេសនកាល នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ដំណើរការឆ្នាំ សិក្សាថ្មី ក្រសួងនឹងចេញសេចក្ដីណែនាំអនុវត្ត នាពេលខាងមុខ៕

ដោយ៖ម៉ាដេប៉ូ , អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner