ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំថឺអេដស៍ ដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការ នៃការរៀបចំគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានដឹកនាំអង្គប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានអនុប្រធាន ទីប្រឹក្សា និងអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចូលរួមផងកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

កម្មវិធីនៃកិច្ចប្រជុំ បានផ្ដោតលើការពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ ក្រោយពីបានទទួលធាតុចូលថ្មីៗពីវេទិកាពិភាក្សាទូលាយលើការរៀបចំគោលនយោបាយនេះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រសួង មន្ទីរ និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។

ក្រោយពីបានផ្លាស់ប្ដូរមតិគ្នាមក ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេស ធ្វើការផ្ទៀងផ្ទាត់សេចក្ដីព្រាងគោលនយោបាយឡើងវិញ ដោយឱ្យញែកចេញរវាងគោលនយោបាយ និងចំណុចទាំងឡាយណាដែលមានលក្ខណៈជាផែនការយុទ្ធសាស្រ្ដ ឬ ផែនការសកម្មភាព។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យបែងចែកការងារតាមគោលនយោបាយនីមួយៗ ដែលក្នុងនោះមានការទទួលខុសត្រូវក្នុងការរៀបចំឡើងវិញដោយថ្នាក់ដឹកនាំម្នាក់ៗ។

អង្គប្រជុំនឹងជួបគ្នាជាថ្មីម្ដងទៀតនៅសប្ដាហ៍ក្រោយដើម្បីពិនិត្យនូវវឌ្ឍនភាពនៃការតាក់តែងគោលនយោបាយនេះ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner