មន្រ្តីអប់រំ៖ ក្រសួងកំពុងយកចិត្តទុកដាក់ខ្ពស់លើសម្ភារ និងបច្ចេកទេស ដើម្បីបណ្តុះធនធានមនុស្សពិការភាពនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម សេរី ជំនះ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់ទាំងសម្ភារ និងបច្ចេកទេស ដើម្បីសម្រួលដល់ការរៀបចំកម្មវិធីសិក្សា ពិសេសសម្រាប់សិស្សគថ្លង់ និងពិកាភ្នែក សំដៅឈានទៅបណ្តុះធនធានមនុស្សពិការភាពនៅកម្ពុជា។

ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី ការរៀបចំកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំពិសេសសម្រាប់សិស្សគថ្លង់ និងពិការភ្នែក នាខេត្តកែប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងកែសម្រួលកម្មវិធីសិក្សាលម្អិតរបស់វិទ្យាល័យអប់រំពិសេសពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ព្រមទាំងរៀបចំកម្មវិធីសិក្សាលម្អិតឱ្យសង្គតិភាពពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដើម្បីឱ្យវិទ្យាល័យអប់រំពិសេសទាំង៥អនុវត្ត។

ប្រភពក្រសួងអប់រំបានឱ្យដឹងថា  នាឱកាសនោះឯកឧត្តម សេរី ជំនះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនាយកដ្ឋានអប់រំពិសេស និងសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ និងផ្តល់បទពិសោធន៍ ដើម្បីរៀបចំកម្មវិធីតាមខ្លឹមសារមេរៀន និងរៀបចំរបាយម៉ោង ដើម្បីយកទៅអនុវត្តនៅតាមវិទ្យាល័យអប់រំពិសេសនីមួយៗ សម្រាប់សិស្សគថ្លង់ និងពិការភ្នែកឱ្យកាន់តែមានគុណភាព និងទទួលបានជោគជ័យ។

ទាក់ទិននឹងរឿងនេះ លោក ​គង់ សំ​នៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានសាទរចំពោះបងប្អូនពិការភាព ពិសេសអ្នកគថ្លង់ និងពិការភ្នែក ដែលទទួលបានការជួយពីក្រសួង ដែលនេះជាគុណតម្លៃមួយដែលមិនបោះបង់ពួកគាត់ចោល។លោកក៏ជំរុញឱ្យក្រសួងត្រូវពង្រីកការជួយបែបនេះឱ្យកាន់តែទូលំទូលាយទៀត។

ក្រសួងអប់រំ បានឱ្យដឹងថា ចំពោះវិទ្យាល័យអប់រំពិសេស បច្ចុប្បន្នបានផ្ដល់ការសិក្សាពិសេសជូនសិស្សដែលមានបញ្ហាពិការភាពដូចជាគថ្លង់ និងពិការភ្នែក ខណៈការបង្រៀននៅទីតាំងសាលាទាំងនេះ គឺចាប់ផ្ដើមពីកម្រិត មតេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។

ក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានសាលាអប់រំពិសេសបែបនេះ គឺមានទីតាំងស្ថិតនៅរាជធានីខេត្ត តាមទីតាំងផ្សេងៗគ្នា ដូចជា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្តាល ជាដើម។ ចំពោះកម្មវិធីសិក្សាសម្រាប់សាលាទាំងនោះ គឺស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួង ដោយបកប្រែ និងបោះពុម្ពជាសៀវភៅសញ្ញាសម្រាប់បង្រៀនសិស្សគថ្លង់ និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក។
ក្រៅពីនេះទៀត នៅក្នុងកម្មវិធីសិក្សា សាលាក៏បានបញ្ជូលនូវសកម្មភាពកីឡា សិល្បៈ ភ្លេង កុំព្យូទ័រ ភាសាអង់គ្លេស ហាត់ស្តាប់ និយាយ និងបំណិនជីវិតផងដែរ៕

ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner