កម្ពុជា និងបារាំង ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិរួមគ្នា ​លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង​របបសន្តិសុខសង្គម

ភ្នំពេញ៖តាមរយៈជំនួបត្រីភាគីរវាងតំណាងទូតបារាំងប្រចាំកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)ភាគីបារាំង បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ​ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ​និងវិស័យរបបសន្តិសុខសង្គម។

ការប្តេជ្ញានេះត្រូវបាន​ធ្វើឡើង​នាជំនួបរវាងលោក ហ្សាក ប៉ឺលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍​ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នាទីស្តីការក្រសួង ល្ងាចថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣​​។

ការ​ប្តេជ្ញាបន្ត​កិច្ចសហប្រតិបត្តិការនេះ ត្រូវ​បាន​​ថ្នាក់ដឹកនាំ​​សហជីព​ឯករាជ្យ​បង្ហាញការគាំទ្រ​ ដែលវានឹង​ផ្តល់នូវ​​អត្ថប្រយោជន៍​សម្រាប់យុវជន និងប្រជាពលរដ្ឋ​ខ្មែរ ​ក្នុងការទទួលបាននូវការបណ្តុះបណ្តាលជំនាញផ្សេងៗ។

ក្រសួង​ការងារបានផ្សព្វផ្សាយជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា រដ្ឋាភិបាលសា​ធារណរដ្ឋបារាំងនិងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចស​ហប្រតិបត្តិជាមួយក្រសួងការងារ​ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដា​លបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិស័យរបបសន្តិសុខសង្គម (ប.ស.ស.)​។

​​លោក ​ហ្សាក ប៉ឺលឡេ តាមរយៈក្រសួងការងារ​បានលើកឡើងថា ​៖ «រដ្ឋាភិបាលបារាំង តាមរយៈទីភ្នា​ក់ងារ AFD នៅតែប្ដេជ្ញាបន្តគាំទ្រលើការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយក្រសួ​ង ស្ថាប័ននានា​។ ​សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានការពាក់ព័ន្ធនឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងរបបសន្តិសុខសង្គម»​។

ស្របជាមួយគ្នានោះដែរ ​លោកស្រី សង់ឌ្រីន ប៊ូស្សេ ក៏បានថ្លែង​​បញ្ជាក់ផងដែរពីការបន្តទំនាក់ទំនងយ៉ាងជិ​តស្និទ្ធលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសផ្តោតលើវិស័យ TVET និងប.ស.ស.។ ​ លោកស្រីមានប្រសាសន៍ថា​៖ «ទីភ្នាក់ងារ AFD ក៏មានគោលដៅសម្រាប់គម្រោងទំនើបភា​វូបនីយកម្មរបស់ ប.ស.ស. ផងដែរ ដែលក្នុងនោះរួមមានការអភិវឌ្ឍនិងគ្រប់គ្រងធនធានមនុស្ស និងកា​រ​អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​នៃ ប.ស.ស. ឱ្យស្របទៅនឹងការរីកចម្រើននៃវិស័យសន្តិសុខសង្គមក្នុងប្រទេសកម្ពុជា»​។

ជាការឆ្លើយតប ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់​ឯកអគ្គរដ្ឋទូតបារាំង និងលោកស្រីនាយិកា AFD ដែលបានមកពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​នេះ​។

ឯកឧត្តមបានបញ្ជាក់ថា ៖ «កិច្ចសហប្រតិបត្តិការទាំងនេះក៏ស្របទៅនឹងអនុសាសន៍សំខាន់ៗ​មួយចំនួន​​របស់ស​ម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែ​លរាជរដ្ឋាភិបាលនីតិកាលទី៧ទើបនឹងដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះផងដែរ​»។

ឯកឧត្តមរដ្ឋមន្ត្រីក៏បាន​​ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលបារាំង ពិសេសជាមួយគម្រោងរ​បស់ទីភ្នាក់ងារ AFD ដើម្បីសម្រេចឱ្យបាននូវលទ្ធផលជាអតិបរមា។

ពាក់ព័ន្ធនឹង​​កិច្ចសហប្រតិបត្តិការនេះដែរ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​ បានប្រាប់ឱ្យដឹងនៅថ្ងៃទី​១៤ ខែកញ្ញាថា ​​​ការគាំទ្ររបស់រដ្ឋាភិបាលបារាំង​ជាមួយក្រសួងការងារកម្ពុជា​ វាពិតជា​ល្អណាស់​សម្រាប់យុវជន និងពលរដ្ឋខ្មែរ។ លោកថា ៖ «យុវជន ក៏ដូចជាប្រជាពលរដ្ឋ​ទូទៅ ​អាចមានឱកាសកាន់តែច្រើន ក្នុងការទទួលបាននូវការបណ្តុះបណ្តាលជំនាញផ្សេងៗ ឆ្លើយតបទៅនឹងតម្រូវការ និងបង្កើនឱកាសការងារដល់យុវជន រីឯ​របបសន្តិសុ​ខសង្គម ខ្ញុំសង្ឃឹមថា តាមរយៈកិច្ចសហប្រតិការនេះ នឹងជួយឱ្យ​វិស័យមួយនេះ កាន់តែពង្រីកវិសាលភា​ពរបស់ខ្លួន គ្រប់ដណ្តប់ពលរដ្ឋទូទៅកាន់តែច្រើនថែមទៀត»។

ចំណែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក៏បាន​លើកឡើងដែរថា វាជាការល្អប្រសើរប្រសិ​នជា​ភាគី​បារាំងនេះ​​ជួយលើកផ្នែក​បច្ចេកទេស និងជួយជាធនធានក្នុង​​ការបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ ដែលអាចឱ្យយុវជន ក៏ដូចជា​ប្រជាជនកម្ពុជាមានជំនាញ​ច្រើនជាងមុន។

លោកបន្តថា តាមយើងមើលឃើញ​ផែន​ការ​របស់រាជរដ្ឋាភិបាល​ថ្មី​នឹងបណ្តុះបណ្តាល​ជំនាញទៅដល់ក​ម្មករនិយោជិក និង​យុវជន ​រហូត​ដល់ជាង១,៥លាននាក់។ លោកគិតថា​វាជាការ​ចូលរួម​ចំណែកមួយផ្នែក​ពីខាងAFD លើកម្មវិធីនេះដែរ»៕

ដោយ៖ នាង សុគន្ធា

ads banner