រដ្ឋមន្ត្រីសុខាភិបាល ជំរុញការលើកកម្ពស់គុណភាពថែទាំសុខភាពទាំងសេវាសាធារណៈ និងឯកជន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានជំរុញឱ្យមានការលើកកម្ពស់គុណភាពថែទាំសុខភាពទាំងសេវាសាធារណៈនិងឯកជនជាមួយនឹងការពង្រឹងនិយ័តកម្មសេវាសុខាភិបាល ។​លោកសង្កត់ធ្ងន់ថា ទាំងនេះ គឺជាការងារបន្ទាន់ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋក្នុងការស្វែងរកសេវាសុខាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយមន្រ្តី ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង
គណៈគ្រូពេទ្យកម្ពុជាកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល«ប្រកាសស្តីពីការផ្សព្វ​ផ្សាយ​លក្ខណៈវិជ្ជាជីវៈសុខាភិបាល»ក្នុងគោលបំណង ធ្វើឱ្យសាធារណជនបានទទួលនូវព័ត៌មានដែលអាចជឿជាក់បានយកទៅពិចារណា ក្នុងការស្វែងរកសេវាសុខាភិបាលសមស្របណាមួយទៅតាមសេចក្តីត្រូវការ ។ ប្រកាសនេះ ក៏ដើម្បីធ្វើឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានសេចក្តីថ្លៃថ្នូរ គោរពអនុវត្តតាមលិខិតបទដ្ឋានគតិយុទ្ធដែលចូលជាធរមាន។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ហ៊ុន ចំរើន ទីប្រឹក្សានាយករដ្ឋមន្រ្តី និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោក ស៊ិក ប៊ុណ្ណា និងលោក ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងលោក រស់ ប្រាជ្ញ ពន្លឺ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងគណៈគ្រូពេទ្យកម្ពុជា។

សូមជម្រាបថាក្នុងពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវអនុវត្តបទដ្ឋានបច្ចេកទេស គោរពក្រមសីលធម៌វិជ្ជាជីវៈនិងលិខិតបទដ្ឋានគតិយុទ្ធជាធរមានក្នុងការផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌៕

ដោយ៖ សុខ រក្សា

ads banner