ជប៉ុនបង្ហាញជំហរ បន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំនាញបច្ចេកទេសវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ស្របទៅតាម ទស្សន វិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការបង្ហាញជំហរបែបនេះធ្វើឡើងក្នុងកិច្ច ពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអិណូ អាត់ត្សឹស៉ី (UENO Atsushi ) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបាន ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសជប៉ុន គឺជាប្រទេស ទី១ ដែលបានផ្តល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលរហូតមកដល់ពេលនេះ អតីតសិស្ស និស្សិតអាហារូបករណ៍ជប៉ុន មួយចំនួន បាននិងកំពុងបម្រើការនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី និងកំពុង កាន់ តួនាទីសំខាន់នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានគូសបញ្ជាក់ ពីកិច្ចសហ ប្រតិបត្តិ រវាងប្រទេសទាំងពីរ ដែលបានដំឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុនក៏បានសន្យាបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ជាក់ស្តែងតាមរយៈការផ្តល់ អាហារូបករណ៍ ដល់សិស្ស និស្សិតកម្ពុជាឱ្យទៅសិក្សានៅប្រទេសជប៉ុន ការបណ្ដុះបណ្ដាលជំនាញនៅក្នុងប្រទេស ដែលបាននិងកំពុងក្លាយជា ស្ពាន ចម្លងដ៏សំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរយ៉ាងជិតស្និទ្ធ។

ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដើម្បីពង្រឹង ចំណេះ ជំនាញដល់សិស្សនិស្សិតខ្មែរ ស្របតាមការរីកចម្រើន នៃបច្ចេកវិទ្យា សម័យថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សាបច្ចេកទេស និងធ្វើការនៅក្រុមហ៊ុនជប៉ុន ដើម្បីពង្រឹង សមត្ថភាព ចំណេះ ជំនាញបច្ចេកវិទ្យាថ្មីៗបន្ថែមពីក្រុមហ៊ុនទាំងនោះ។

លើសពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សា អំពីប្រព័ន្ធបញ្ជូន ពលករ ជំនាញ និងកម្មសិក្សាការីពីកម្ពុជាទៅប្រទេសជប៉ុន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់ពលករជំនាញ និងកម្មសិក្សាការីដែលកំពុងធ្វើការ នៅប្រទេសជប៉ុន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner