ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ៖ សោកនាដកម្មនៃគ្រាប់មីន គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តតាកែវ)៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ លើកឡើងថា សោកនាដកម្មនៃគ្រាប់មីន, កាកសំណល់សង្រ្គាម, ស្លាកស្នាមនៃពិការភាព, ការបាត់បង់អាយុជីវិត និងការបន្សល់ទុកកុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ។ ដូចនេះកងទ័ពជើងគោក ត្រូវបង្កើន និងពង្រឹង សមត្ថភាពបន្ថែមទៀតសម្រាប់ប្រតិបត្តិការបោសសម្អាតមីន ដើម្បីផ្តល់ដីសុវត្ថិភាពឲ្យប្រជាពលរដ្ឋ បង្កើតស្នាមញញឹមឲ្យប្រជាពលរដ្ឋ និងមិនត្រូវរំលោភបំពានដីប្រជាពលរដ្ឋដាច់ខាត ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ហាការកងទ័ពជើងគោក បានលើកឡើងបែបនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON និងបើកវគ្គហ្វឹកហ្វឺនលើការងារគ្រប់គ្រង អចលនវត្ថុរបស់កងទ័ពជើងគោក នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានឲ្យដឹងថា ៖ វគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON មានសិក្ខាកាមសរុប ១៤៤នាក់ ។ ជាលទ្ធផលបញ្ចប់វគ្គទទួលបាន និទ្ទេសល្អប្រសើរ ចំនួន ១២៣នាក់, និទ្ទេសល្អបង្គួរចំនួន ១៤នាក់ និងនិទ្ទេសល្អមធ្យមចំនួន ៧ នាក់។ ដោយឡែកវគ្គហ្វឹកហ្វឺនលើការងារគ្រប់គ្រង អចលនវត្ថុរបស់កងទ័ពជើងគោក មានសិក្ខាកាមសរុប ៤៩នាក់ មកពីបណ្តាអង្គភាពសរុបចំនួន ១៦អង្គភាព ដែលត្រូវធ្វើការ ហ្វឹកហ្វឺនរយៈពេល ៣៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លើខ្លឹមសារសំខាន់ៗដូចជា៖ កម្មវិធី ArcGIS និងការបើ ប្រាស់ម៉ាស៊ីន GPS, ការងារគូសប្លង់ដឺម៉ាស់តាមកម្មវិធីអូតូខេត (AutoCAD), ការ ប្រើប្រាស់ដ្រូនថតយករូបភាពភូមិសាស្ត្រ, ការណែនាំអំពីលិខិតបទដ្ឋានគតិយុទ្ធ ផ្សេងៗ, ការរៀបចំនីតិវិធីស្ដីពីច្បាប់ចុះបញ្ជី និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ បញ្ហាប្រឈមស្ដីអំពីភាព លំអៀងមិនត្រូវគ្នារវាងទំហំក្រឡាផ្ទៃដីក្នុងបណ្ណកម្មសិទ្ធ និងសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការណែនាំអំពីលិខិត បទដ្ឋានគតិយុទ្ធផ្សេងៗ, នីតិវិធីនៃការធ្វើសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការចុះបញ្ជីតាមប្រព័ន្ធ SARMIS, ការណែនាំអំពីការស្នើសុំគោលរបបប្រើប្រាស់ ទឹក-ភ្លើងតាមបណ្តាអង្គភាពចំណុះកងទ័ពជើងគោក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំងវិស្វកម្ម កងទ័ពជើងគោក ចំពោះការងារដែលសម្រេចបានក្នុងរយៈកាលកន្លងមក ទាំងលើការងារបម្រើប្រយុទ្ធ, ការងារសំណង់អគារ, ការងារស្ថាបនាបណ្តាញ ផ្លូវ គមនាគមន៍, ការងារគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងគោក, និងការចូលរួមបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងការសហការរៀបចំវគ្គហ្វឹកហ្វឺនបម្រើឲ្យការងារមីននេះផងដែរ ។

នៅក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ឯក ម៉ៅ សុផា បានប្រគល់នូវរថយន្តសង្រ្គោះចំនួន ១៧ គ្រឿង រួមជាមួយម៉ាស៊ីន GPS ចំនួន ១៥គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ១៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ជូនដល់បណ្តាកងអនុសេនាតូចដោះសម្អាតមីន កងទ័ពជើងគោក ដែលបញ្ជាក់ឲ្យឃើញការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើវិស័យបោសម្អាតមីន ដើម្បីរំដោះផ្ទៃដី និងលុបបំបាត់ភាពក្រីក្រជូនប្រជាពលរដ្ឋ ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner