រដ្ឋមន្ត្រីក្រសួងការងារ ប្រកាសផ្ដល់ការបណ្តុះបណ្តាលសហគ្រិនភាព និងការបំប៉នជំនាញបុគ្គលិកក្រុមហ៊ុនឯកជនដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងនឹងផ្តល់ ការបណ្តុះបណ្តាលម្ចាស់អាជីវកម្ម ស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុនឯកជន លើជំនាញបច្ចេកទេសដោយឥតគិតថ្លៃ នាថ្ងៃខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា៖ “ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិកដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដោយឥតគិតថ្លៃ ក្រសួងស្វាគមន៍” ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាលមានភាពបត់បែនខ្ពស់ មានកម្រិតស្តង់ដាដែលសិក្ខាកាមអាចសិក្សាបាននៅពេលយប់ ឬចុងសប្តាហ៍។ ប្រការនេះ អាជីវកម្មក៏នៅតែអាចដំណើរការបានដោយរលូន ហើយសិក្ខាកាមក៏នៅតែអាចសិក្សារៀនសូត្របំប៉នសមត្ថភាពរបស់ខ្លួនបានផងដែរ។

ក្នុងជំនួបដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានភាពអនុគ្រោះខ្ពស់លើលក្ខខណ្ឌច្បាប់ និងអនុលោមភាពមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាសខ្នាតតូច ឬអ្នកប្រកបអាជីវកម្មផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតូចតាច អាចពង្រីកអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យសមាគមសហគ្រិនស្ត្រី ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ត្រូវត្រៀមស្វែងរកចំណុច ឬបញ្ហារួមរបស់វិស័យឯកជន ដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការដ្ឋនិងឯកជន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីដោះស្រាយឱ្យចំគោលដៅ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner