ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន៖ កម្ពុជាជាប្រទេសងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមន្តរាយធម្មជាតិ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុក រ៉ាប៊ុន បានលើកឡើងថា កម្ពុជា ជាប្រទេសងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមន្តរាយធម្មជាតិដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ដែលបង្កឱ្យមានការខាតបង់យ៉ាង ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ឋសង្គម ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ ដីស្រែចំការ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បន្ថែមថា ជាក់ស្តែងកាលពីឆ្នាំ២០២២ កម្ពុជាបានទទួលរងនូវ គ្រោះមហន្តរាយទឹកជំនន់ប៉ះពាល់ ២៥រាជធានីខេត្ត ដែលបណ្តាលប្រជាពលរដ្ឋជាង ១០០,០០០គ្រួសាររងគ្រោះ និងខ្វះខាតស្បៀងអាហារ។ ក្រោមការអន្តរាគមន៍របស់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ក្រុមគ្រួសាររងគ្រោះទាំងនោះ បានទទួលជំនួយស្បៀងសង្គ្រោះបន្ទាន់ និងស្រូវពូជពីរាជរដ្ឋាភិបាល ក្នុងការស្តារផ្ទៃដីដាំដុះឡើងវិញ។

ការថ្លែងរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ នៅក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ ។

បន្ថែមពីនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្តថា «បញ្ហាប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំ ដែលមនុស្សជាតិកំពុងជួបប្រទះ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ ២ភាគ៣ ដែលបង្កឡើងដោយមនុស្ស មានទំនាក់ទំនងជាមួយនឹងការផលិត ការកែច្នៃ ការវេចខ្ចប់ និងការដឹកជញ្ជូនស្បៀង។

ក្នុងពេលជាមួយគ្នា ការប្រែប្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើន មកលើសមត្ថភាពរបស់យើង ក្នុងការធានាយ៉ាងណាឱ្យមនុស្សគ្រប់រូបអាចទទួលបានអាហារប្រកបដោយសារជាតិចិញ្ចឹម ដោយសារតែគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅ ដែលបង្កមហន្តរាយដល់ជីវភាពរសនៅរបស់ប្រជាជន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រព័ន្ធស្បៀងនៅលើពិភពលោកកំពុងមានបញ្ហាប្រឈមជាច្រើន ។

ឯកឧត្តម បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានអំពាវនាវដល់ អង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន ឱ្យបង្កើនការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាឱ្យមានប្រសិទ្ធភាព សំដៅពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិត និងភាពធន់ប្រព័ន្ធស្បៀង និងប្រព័ន្ធប្រកាសអាសន្នជាមុន ដើម្បីកាត់បន្ថយផលវិបាកនៃគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តម បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏ថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិឌ្ឍ និងវិស័យឯកជន ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀងនៅកម្ពុជា ក្នុងពេលដែលពិភពលោកកំពុងជួបបញ្ហាអសន្តិសុខស្បៀង ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងវិបត្តិនានា៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner