ទីបំផុតតុលាការកំពូលសហរដ្ឋអាមេ៉រិកអនុញ្ញាតឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រើមូលនិធិរបស់មន្ទីរបញ្ចកោណទៅសាងសង់ជញ្ជាំងព្រំដែន

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ អាចប្រើប្រាស់ថវិការ២.៥ពាន់លានដុល្លារនៃមូលនិធិរបស់មន្ទីរបញ្ចកោណ ដើម្បីសាងសង់ជញ្ជាំងព្រំដែនមួយផ្នែកនៅតំបន់ព្រំដែនភាគខាងត្បួងជាប់ម៉ិច នេះបើតាមការសម្រេចរបស់តុលាការកំពូលអាមេ៉រិក នៅថ្ងៃ សុក្រ ម្សិលមិញ (ម៉ោងក្នុងតំបន់) ។

បើតាមការគ្រោងទុកនោះ មូលនិធិ២.៥ពាន់លានដុល្លារនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់សាងសង់ជញ្ជាំងព្រំដែននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អារីហ្សូណា និងរដ្ឋ ញូ ម៉ិចស៊ីកូ ។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា នេះជាភាពជោគជ័យដ៏ធំជាប្រវត្តិសាស្រ្តចំពោះការសាងសង់ជញ្ជំាងព្រំដែន ។

សូមជម្រាបថា ការសម្រេចរបស់តុលាការកំពូលអាមេ៉រិកនេះ ធ្វើឡើងនៅក្នុងការបោះឆ្នោតមួយ ដោយសំឡេង៥ទល់នឹង៤នៃចៅក្រមទាំង៩នាក់ ដើម្បីច្រានចោលសេចក្ដីសម្រេចរបស់ចៅក្រមសហព័ន្ធម្នាក់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលបានហាមលោក ដូណាល់ ត្រាំ ប្រើប្រាស់មូលនិធិមន្ទីរបញ្ចកោណសាងសង់ជញ្ជាំងព្រំដែន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner