ក្រសួងអប់រំ ផ្តល់ការបណ្តុះបណ្តាលស្តីពីការបញ្ជារ៉ូបូត ជូនគ្រូបច្ចេកទេសជំនាញអគ្គិសនី និងអេឡិកត្រូនិច

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្តាលស្តីពីការបញ្ជារ៉ូបូត ដល់គ្រូបច្ចេកទេសជំនាញអគ្គិសនី អេឡិចត្រូនិច និងមេកានិច ដើម្បីពង្រីកសមត្ថភាពលើជំនាញបច្ចេកទេស ឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្មឌីជីថល និងពង្រឹងការអនុវត្តកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសឱ្យកាន់តែប្រសើរ។

ប្រភពក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពី «ការបញ្ជារ៉ូបូត» ដល់គ្រូអប់រំបច្ចេកទេសជំនាញអគ្គិសនី អេឡិចត្រូនិច និងមេកានិចនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធីនេះ រៀបចំនៅខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន៥៥នាក់ មកពី១៤វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស។

នាឱកាសនោះ ឯកឧត្តម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងបង្កើតវគ្គបណ្តាលនេះឡើង គឺគោលបំណងបង្កើនចំណេះដឹង និងពង្រីកសមត្ថភាពលើជំនាញបច្ចេកទេសក្នុងការបញ្ជារ៉ូបូត ស្របតាមបដិវត្តន៍ឧស្សាហកម្មឌីជីថល ៤.០ ។  លោកបន្តថា៖« វគ្គបណ្តុះបណ្តាលនេះ ក៏អាចជួយបង្កើនស្វ័យប្រវត្តិកម្មដល់ផលិតកម្ម និងដើម្បីពង្រឹងការអនុវត្តកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសជំនាញអេឡិចត្រូនិច អគ្គិសនី និងមេកានិច ឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសផងដែរ»។

រដ្ឋលេខាធិការក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់លោកនាយកនិងមន្ត្រីទាំងអស់ នៃ មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស(SEAMEO TED) ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដោយមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ក្នុងស្មារតីសម្រេចចក្ខុវិស័យ និងបេសកកម្មរួម របស់រាជរដ្ឋាភិបាលកម្ពុជា។


បើតាមក្រសួងអប់រំ ការអប់រំបច្ចេកទេស បានក្លាយជាគោលនយោបាយ និងផែនការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ហេតុនេះ ដើម្បីសម្រេចគោលដៅ និងគោលនយោបាយអភិវឌ្ឍន៍ជាតិនេះ ក្រសួងអប់រំ ក៏បានប្តេជ្ញាបន្តក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការពង្រឹងគុណភាព នៃការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែខ្លាំងថែមទៀត៕

ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner